ភ្នំពេញ ៖ ការបាក់ច្រាំងទន្លេ ស្ថិតនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី២០ តុលានេះ បណ្តាលឲ្យចេតិយចំនួន២ ស្ថិតនៅក្នុងវត្តក្តីតាកុយ បាក់រលំចូលក្នុងទន្លេ និងមួយចំនួនទៀត កំពុងប្រឈមនឹងការរងហានិភ័យខ្ពស់។
ប្រជាពលរដ្ឋមួយចំនួនបាន ដាក់បន្ទុកទៅលើការបូមខ្សាច់ រីឯអ្នកខ្លះបានយល់ឃើញថា អាចបណ្តាលមកពីការច្រោះខ្សាច់ក្រោមចេតិយដោយមានភ្លៀងធ្លាក់ខ្លាំងនាប៉ុន្មានថ្ងៃនេះ ។
ក្រោយពីទទួលព័ត៌មាននេះភ្លាម មន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល បានចុះទៅពិនិត្យទីតាំង និងបានបញ្ជាក់ថា ការបាក់ច្រាំងនេះ មិនមែនបណ្តាលមកពីការបូមខ្សាច់ឡើយ មិនមែនមកពីការបូមខ្សាច់ដោយមូលហេតុថា នៅជាប់ទីតាំងបាក់ស្រុតនោះ ពុំមានអាជីវកម្មបូមខ្សាច់ទេ ។
ទីតាំងដែលក្រសួងរ៉ែ និងថាមពលបានចេញអាជ្ញាបណ្ណស្ថិតនៅចម្ងាយប្រមាណជិត២គីឡូម៉ែត្រពីទីតាំងនេះ រីការដ្ឋានបាញ់ខ្សាច់ឡើង ស្ថិតនៅចម្ងាយប្រហែល១គីឡូម៉ែត្រពីនេះ ។
មន្ត្រីអះអាងថា ច្រាំងដែលបាក់នោះ គឺជាប្រភេទដីថ្មីដែលវត្តបានបូមខ្សាច់ចាក់បំពេញ និងអនុញ្ញាតឱ្យមានការសាងសង់ចេតិយធំៗជាច្រើននៅមាត់ច្រាំង ។
ទឹកភ្លៀងនារដូវភ្លៀង និងការធ្លាក់ភ្លៀងជោគជាំ នាយប់ថ្ងៃទី១៩ ខែតុលា បានជ្រាបចូលទៅក្នុងដីខ្សាច់ចាក់ថ្មី និងបានហូរច្រោះទៅទន្លេ ។ បន្ថែមជាមួយនោះ ទឹកឡើងខ្លាំងនាឆ្នាំនេះបានជ្រាប និងធ្វើឱ្យដីមាត់ច្រាំងមានភាពទន់ជ្រាយ ។ ទឹករលក និងការស្រកទឹកលឿន ក៏ជាកត្តាចូលរួមឱ្យមានការបាក់ច្រាំងនេះផងដែរ ។
យ៉ាងណាក៏ដោយ ជាលទ្ធផលគិតចាប់តាំងពីម៉ោង ២រសៀល មកទល់យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នេះ ក្រុមការងារដែលដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅផ្ទាល់ បានប្រចាំការនៅនឹងទីតាំងកើតហេតុ និងបានប្រើប្រាស់គ្រឿងចក្រ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌច្រកប៉ាវដី ខ្សាច់ និងថ្ម ចាក់ទប់ច្រាំងទន្លេ ដើម្បីទប់ទល់កម្លាំងទឹកជាបណ្តោះអាសន្នសិន៕