កំពង់ឆ្នាំង ៖ ឃាតកសម្លាប់ក្មេងស្រី ២នាក់ បងប្អូនបង្កើតរួចញាត់ក្នុងកេស កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ត្រូវបានសមត្ថកិច្ចចាប់បានហើយ និងបានយកទៅធ្វើត្រាប់តាមឡើងវិញនៅរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៨ នេះ ដោយមានប្រជាពលរដ្ឋ ចូលចោមមើលយ៉ាងច្រើនកុះករ ។
តាមការឲ្យដឹងពី លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការិយាល័យកណ្ដាលយុត្តិធម៌ បានឲ្យដឹងថា ជនដៃដល់ក្នុងអំពើឃាតកម្មយ៉ាងសាហាវយ៉ង់ឃ្នងនេះ មានឈ្មោះ ឆុំ ពយ ហៅ ផ្លយ តូចអាយុ២៣ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយកុមារីរងគ្រោះ និងមានផ្ទះចម្ងាយពីគ្នា តែជាង៧០ម៉ែត្រ ប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថាៈ ជនដៃដល់ត្រូវជាបងប្អូនជីទួតមួយនឹងកុមាររីរងគ្រោះ ទៀតផង ។ ប្រភពដដែលបានបន្តថា នៅយប់ថ្ងៃកើតហេតុមានយុវជនមួយក្រុមមានមនុស្សប្រមាណ ជិត១០នាក់ បាននាំគ្នាផឹកស៊ី នៅផ្ទះមួយផ្សេងទៀត ជិតផ្ទះកុមារីរងគ្រោះ ។ លុះពេលផឹកស៊ីបានបញ្ចប់ អ្នកផឹកស៊ីបានបែកគ្នាទៅផ្ទះអស់ទៅ។ ពេលនោះ ជនដៃឈ្មោះ ឆុំ ពយ បានដើរសំដៅមកផ្ទះកុមារីរងគ្រោះ រួចឡើងទៅចាប់រំលោភក្មេងស្រីរងគ្រោះជាបងឈ្មោះ អ៊ុន លក្ខិណា អាយុ១៤ រហូតបានសម្រេច ។
ក្រោយពេលរំលោភក្មេងស្រីហើយ ជនដៃដល់បានគម្រាម មិនអោយក្មេងស្រីរងគ្រោះប្រាប់នរណាទេ តែក្មេងស្រីរងគ្រោះ បាននិយាយថាៈ និងប្រាប់គេ ហើយប្តឹងសមត្ថកិច្ច អោយចាប់ខ្លួន ។ស្របពេលនោះដែរ ក្មេងស្រីរងគ្រោះជាប្អូន ឈ្មោះ ជន់ មេត្តា អាយុ៧ឆ្នាំ បានភ្ញាក់ ហើយស្រែកយំ ពេលនោះ ជនដៃដល់បានវ៉ៃក្មេងរងគ្រោះជាប្អូន មួយដៃ រហូតសន្លប់ ហើយបន្ទាប់មកក៍វាយក្មេងស្រីរងគ្រោះជាបងរហូតដល់សន្លប់ ទើបជនដៃដល់ បានយកខ្នើយសង្កត់ខ្ទប់មុខ ក្មេងស្រីរងគ្រោះទាំងពីររហូតដល់ដាច់ខ្យល់ស្លាប់ ។ ក្រោយពីសម្លាប់ក្មេងស្រីរងគ្រោះទាំងពីរនាក់ហើយ ជនដៃដល់ បានលើកសពក្មេងទាំងពីរដាក់ចូលកេស ដាក់ខោអាវរបស់គ្រួសាររងគ្រោះ រួចខ្ទាស់គន្លឹះ និងដើរចេញទៅផ្ទះរបស់ខ្លួនវិញតែម្តង។
ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ច ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដើម្បីយកមកសាកសួរ ទៅតាមជំនាញចិត្តសាស្ត្រ រហូតជនដៃដល់បានព្រមសារភាព។ ជនដៃដល់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។
សូមរំលឹកថាកុមារីរងគ្រោះ ២នាក់បងប្អូន ត្រូវបានឪពុកម្តាយទៅធ្វើការនៅស្រុកឆ្ងាយ ឪពុកឈ្មោះ ប្រាក់ ជា ទៅធ្វើការនៅប្រទេសថៃ ម្តាយឈ្មោះ អុល ធីតា ទៅធ្វើការនៅភ្នំពេញ ដោយចោលកូនទាំងពីរនាក់អោយនៅចាំផ្ទះ ដោយគ្រាន់តែផ្តាំផ្ញើឪពុកមា និងម្តាយមីង អោយជួយមើលថែទាំប៉ុណ្ណោះ ។ នៅយប់កើតហេតុ ថ្ងៃទី១៧ ខែតុលា កុមារីរងគ្រោះទាំងពីរនាក់ ត្រូវជនដៃដល់ រំលោភក្មេងស្រីជាបង ហើយខ្លាចបែកការណ៍ក៏សម្លាប់ទាំងពីរនាក់បំបិទមាត់តែម្តង៕