ខេត្តក្រចេះ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តក្រចេះ លោក អេង ចំណាប់ បានសម្រេចឃុំខ្លួន បុរសម្នាក់ជាម្ចាស់អាជីវកម្មផលិតស្រា.សម្នាក់ នៅពន្ឋនាគារខេត្ត ក្រោយពីមានការស្រាវជ្រាវរបស់អាជ្ញាធរបានរកឃើញថាការផលិតស្រា ស របស់បុរសរូបនេះគឺធ្វើឡើងមិនប្រក្រតីដោយមានចេតនាប្រើសារធាតុ មេតាណុល ច្រើន ទើបបង្កឱ្យអ្នកដែលទទួលទានពុលរហូតស្លាប់ ទៅដល់៥នាក់ និងរងគ្រោះធ្លាក់ខ្លួនឈឺជាង៧០នាក់។
បុរសជាម្ចាស់អាជីវកម្មផលិតស្រាស ឈ្មោះ កុច សុហេង អាយុ៣១ឆ្នាំ មានទីលំនៅក្នុង ភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ត្រូវបានតុលាការខេត្តសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្ត នៅថ្ងៃទី២២ ខែតុលា នេះ ពីបទមនុស្សឃាតដោយអចេតនា ។ បុរសរូបនេះក៏បានប្រាប់សមត្ថកិច្ចថា ការផលិតស្រា ស របស់គេ គឺពិតជាមានលាយនូវសារធាតុមេតាណុល ដើម្បីឱ្យស្រាមានគុណភាពខ្លាំង និងមានបរិមាណច្រើន ទាន់តម្រូវការអ្នកទទួលទាន តែមិនបានបញ្ជាក់ពីរូបមន្តនៃការលាយស្រានេះ ចេះពីប្រភពណានោះទេ។
ការចាប់ខ្លួន រហូតឈានឱ្យមានការឃុំខ្លួនបុរសជាម្ចាស់អាជីវកម្មផលិតស្រាសខាងលើ នេះបានធ្វើឡើងបន្ទាប់ពីមានបាតុភាពពុលមួយបានផ្ទុះជាឡើងជាបន្តបន្ទាប់ជាប់ៗគ្នារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែតុលា ក្នុងនោះបានបង្កឱ្យអ្នកភូមិយ៉ាងតិច៥នាក់ ស្រី១នាក់រស់នៅតាមបណ្តារភូមិផ្សេងគ្នាក្នុងឃុំចំនួន២ គឺឃុំបឹងចារ និងឃុំកោះខ្ញែ ក្នុងស្រុក សំបូរ បានកើតអាការពុលរហូតស្លាប់ និងមានអ្នកភូមិប្រុស-ស្រីចំនួនជាង៧០នាក់ក្នុងនោះមានស្រី១៧នាក់ផ្សេងទៀតក៏កំពុងតែធ្លាក់ខ្លួនឈឺនិងក៏ត្រូវបាននាំមកជួយសង្គ្រោះ។
អាការពុលរបស់អ្នកភូមិដែលបណ្តាលមកពីពុលស្រាស រហូតបង្កឲ្យមានអ្នកស្លាប់និង ធ្លាក់ខ្លួនឈឺបានកើតមានឡើងបន្ទាប់ពីពួកគាត់បាននាំគ្នាទទួលទានស្រាស នៅនិងស្រែក្រោយចប់ការច្រូតស្រូវប្រវាស់ដៃគ្នាដូចទៅតាមទម្លាប់រាល់ឆ្នាំ។ និងមានខ្លះបាននាំគ្នាទទួលទានស្រាស នៅក្នុងពិធីកំដរបុណ្យសពរបស់អ្នកនៅក្នុងភូមិ។
ស្របជាមួយគ្នានិងបាតុភាពពុលរហូតបង្កឱ្យមានពលរដ្ឋស្លាប់ និងរងគ្រោះដោយស្ថិត ស្ថានភាពស្រវាំងភ្នែក ទន់ដៃទន់ជើង ហែវហត់ ណែនដើមទ្រូង ដែលអាជ្ញាធរបានកំណត់ថា បណ្តាលមកពីពុលស្រាសនេះ។ អាជ្ញាធរខេត្តក្រចេះបានអំពាវនាវ ពលរដ្ឋរស់នៅស្រុកសំបួរ ក៏ដូចជាពលរដ្ឋរស់នៅតាមតំបន់នានាក្នុងខេត្តក្រចេះ បញ្ឈប់ការទទួលទានស្រាសមួយរយៈពេល។ ក្នុងនោះមានកន្លែងអាជីវកម្មលក់ស្រាសមួយចំនួននៅក្នុងភូមិ និងឃុំ នានាក្នុងស្រុកមួយនេះ ត្រូវបានអាជ្ញាធរចុះផ្អាកការធ្វើអាជីវកម្មផលិត និងក៏មានស្រា ស និងស្រាថ្នាំជាច្រើនផ្សេង ទៀត គឺត្រូវបានអាជ្ញាធររឹបអូសយកមករក្សាទុក។
ក្រោយសា្ថពពុលបានវាយលុកយ៉ាងខ្លាំងក្នុងអំឡុងរយៈពេល៣ថ្ងៃ បង្កជាភាពតុកស្លុត ជាខ្លាំងដល់អ្នករស់នៅក្នុងភូមិផ្សេងទៀត ដែលការពុលស្ទើរក្លាយជាសោកនាដកម្មមួយ ទៅហើយនោះ។ រហូតមកទល់ និងថ្ងៃទី២២ ខែតុលា នេះ ស្ថានភាពពុលគឺត្រូវបានធូរស្រាលវិញ ក៏ព្រោះតែអ្នកភូមិដែលបានធ្លាក់ខ្លួនឈឺនិងបានចាត់មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ក៏ត្រូវបានត្រឡប់ទៅផ្ទះវិញជាបណ្តើរៗទៅហើយដែរ៕