ខេត្តក្រចេះ ៖ ស្ដ្រីចំណាស់ម្នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្ដក្រចេះ ចេញដីកាឃុំខ្លួននៅថ្ងៃទី២៣ ខែតុលា នេះ ពីបទជួញដូរមនុស្សឆ្លងដែន បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនតាមបណ្ដឹងពីឪពុកម្ដាយនារីរងគ្រោះរស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ដែលត្រូវជនសង្ស័យក្លែងឯកសារនាំយកកូនស្រីពួកគាត់ទៅលក់នៅប្រទេសចិន។
លោកស្រី នៅ រតនា ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ដក្រចេះ បានប្រាប់ថា ស្រី្តជាជនសង្ស័យខាងលើ ឈ្មោះ ឌី ចាន់ធី អាយុ៥៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ តាមចាប់ខ្លួនបាននៅខេតរតនគិរីកាលពីថ្ងៃទី១៨ ខែតុលា ។ ស្ត្រីរូបនេះ ធ្លាប់បានរកស៊ីរត់ពន្ធមនុស្សឆ្លងដែនឲ្យទៅយកប្តីនៅចិន រួមទាំងកូនស្រីខ្លួនឯង ៣នាក់ផងដែរ ហើយក៏ធ្លាប់ឱ្យកូនរកស៊ីផ្លូវភេទតាំងពីអាយុ១៤ឆ្នាំផងដែរ នៅខេត្តបាត់ដំបង។
បើតាម លោកស្រី រតនា ក្រៅពីបញ្ឆោតកូនខ្លួនឯង៣នាក់ឲ្យរកស៊ីផ្លូវភេទនិងនាំយកទៅលក់នៅប្រទេសចិន ជនសង្ស័យបានបោកស្រី៣នាក់ផ្សេងទៀតនៅស្រុកស្នួល ខេត្ដក្រចេះ ក្នុងរូបភាពទៅយកប្តីនៅចិន។
លោកស្រី នៅ រតនា ស្នងការរងខេត្តក្រចេះបានបញ្ជាក់ថា ចំពោះករណីនារី៣នាក់ផ្សេងទៀតកំពុង នៅប្រទេសចិន ដែលត្រូឪពុកម្ដាយប្ដឹងឱ្យជួយដែរនោះ នៅមិនទាន់បានត្រឡប់មកវិញទេ ខណៈសមត្ថកិច្ច និងអង្គការសង្គមស៊ីវិលកំពុងសហការជាមួយស្ថានទូត ដើម្បីជួយពួកគេ។
លោកស្រីស្នងការបន្តថា៖«យើងព្យាយាមសួរគាត់ពីចំនួនមនុស្ស ដែលគាត់នាំយកទៅលក់ តែគាត់ព្យាយាមមិនឆ្លើយនិងបដិសេធសំណួររបស់យើង។ យើងគ្រាន់តែដឹងថាក្រៅពីកូនស្រីគាត់៣នាក់ដែលចូលមកបំភ្លឺដល់សមត្ថកិច្ច…គឺមានអាណាព្យាបាលជនរងគ្រោះ៣នាក់ទៀតបានប្ដឹងជនសង្ស័យពីករណីនាំកូនគាត់ទៅលក់នៅប្រទេសចិននេះដែរ»។
ដោយផ្អែកលើចម្លើយក្មេងស្រីរងគ្រោះនៅស្នងការដ្ឋានខេត្ត លោកស្រីស្នងការរងបានឱ្យបញ្ជាក់ដែរថា ស្ត្រីសង្ស័យរូបនេះធ្លាប់បានលក់ព្រហ្មចារី កូនស្រីបង្កើតម្នាក់ឈ្មោះ ស.ន អាយុ ១៤ឆ្នាំ ទៅខេត្តបាត់ដំបងឲ្យបម្រើសេវាកម្មផ្លូវភេទ។
ក្រោយលក់ព្រហ្មចារីកូនស្រីបានមួយរយៈស្ត្រីរូបនេះបាននាំនាងទៅបម្រើនៅបនស្រីនៅកន្លែងផ្សេងទៀតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយរូបគាត់ជាអ្នកហៅម៉ូយនិងជាអ្នកយកលុយដោយខ្លួនផ្ទាល់ ហើយក្នុងមួយថ្ងៃៗឲ្យកូនស្រីកំដរភ្ញៀវរួមភេទចាប់ពី៥-៦នាក់៕