ក្រចេះ ៖ មន្ត្រីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្ត សហការជាមួយ កម្លាំងសមត្ថកិច្ចចម្រុះ បានយកគ្រឿងចក្រឈួសឆាយលុបរណ្ដៅរ៉ែមាសអនាធិបតេយ្យជាច្រើនកន្លែង នៅចំនុចត្រូន ឧបសម្ពន័ភូមិអូពោរ ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ការឈួសលុបរណ្តៅរ៉ែអនាធិបតេយ្យនោះ គឺធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ ដោយមានការសម្របសម្រួលពីលោក ធុច បញ្ចៈសន្តិភាព ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ រួមសហកាជាមួយអាជ្ញាធរស្រុក។
លោក សុខ គីរីរតន៍ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឲ្យដឹងថា តំបន់ព្រៃមាសខាងលើនោះ ត្រូវបានប្រជាពលរដ្ឋ យកធ្វើជាកន្លែងរកមាសបែបអនាធិបតេយ្យ គ្មានច្បាប់ទំលាប់ តាំងពីដូនតារបស់គាត់មកម្លេះ ទោះបីជាមន្ទីរជំនាញចុះមកបិទជាច្រេីនលេីកច្រេីនសារក៏ដោយ ប៉ុន្តែពួកគាត់នៅតែលួចជីកវិញដដែល។ ក្នុងការជីករុករកមាសរបស់ពួកគាត់នាពេលកន្លងមក មានការប្រឈមជាខ្លាំង គឺគ្រោះថ្នាក់បាត់បង់ជីវិតជាច្រេីននាក់ជាបន្ដបន្ទាប់ ដោយសារការបាក់ដីលុបរណ្ដៅរ៉ែ និងពុលផ្សែងក្នុងរណ្ដៅ ពេលចុះបូមទឹក។
លោកបានបញ្ជាក់ថា មុននឹងឈានដល់ការយកគ្រឿងចក្រមកឈួសលុបរណ្តៅរ៉ែអនាធិបតេយ្យទាំងនេះ គឺលោកបានស្នើរសុំគោលការណ៍ និងការអនុញ្ញាតិពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេញ និងស្ថាបន័អយ្យការ ចុះឈួសលុបរណ្ដៅរ៉ែមាសនៅតំបន់នោះចោលតែម្ដង គិតត្រឹមរសៀលថ្ងៃដដែលនេះ ការលុបរណ្ដៅធំៗបានចំនួន ៦រណ្ដៅ។
លោកបញ្ជាក់បន្ថែមទៀតថា ក្នុងករណីដែលម្ចាស់រណ្ដៅនៅតែបន្តសកម្មភាពជីករណ្តៅរុករករ៉ែ មន្ទីររ៉ែ និងថាមពលខេត្តនឹងអនុវត្តទៅតាមច្បាប់ ចំពោះម្ចាស់រណ្តៅទាំងនោះ ដោយដាក់ពាក្យបណ្ដឹងទៅតុលាការ ហេីយវិធានការបន្ទាប់ លោកនឹងចុះធ្វេីការលុបរណ្ដៅជាបន្តទៀតឲ្យតែមានពលរដ្ឋជីករណ្ដៅអនាធិបតេយ្យបែបនេះ៕