ភ្នំពេញ ៖ កម្ពុជាទទួលបានជំនួយហិរញ្ញប្បទានជិត ២៥០លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB សម្រាប់អនុវត្តន៍គម្រោង និងកម្មវិធីចំនួន៤ រួមមានកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ,គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ,គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច។
គួរជម្រាបថា ក្នុងចំនួនហិរញ្ញប្បទានសរុបជិត២៥០លានដុល្លារនោះ មានទឹកប្រាក់ប្រមាណ ៨៨,៥០ លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គជំហានទី៤។ គម្រោងនេះ នឹងជួយលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់តាមរយៈការអភិវឌ្ឍក្នុងរបៀងអាទិភាពចំនួន៣ គឺនៅក្រុងកំពង់ចាម ក្រុងក្រចេះ និងក្រុងស្ទឹងត្រែង ដែលជាក្រុងរបៀងនៃមហាអនុតំបន់មេគង្គ៕