ភ្នំពេញ ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោកស្រី មីសែល បាសែឡែត (Michelle Bachelet) ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី២៣ តុលា ក្នុងទីក្រុងហ្សឺណែវ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីបន្តអាណត្តិ ២ឆ្នាំទៅមុខទៀត ដល់ការិយាល័យសិទ្ធិមនុស្សប្រចាំកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍នៃជំនួបទ្វេភាគី នេះ បានឲ្យដឹងដែរថា « លោកជំទាវបានធ្វើការកត់សម្គាល់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជាលើវិស័យសិទ្ធិមនុស្ស ពិសេសសិទ្ធិរបស់ស្ត្រី កុមារ កម្មករ កម្មការិនី អប់រំ និងការមិនរើសអើង។ លោកជំទាវ មីសែល បាសែឡែត បានមានប្រសាសន៍ថា តាមរយៈចំណុចល្អៗរបស់កម្ពុជា លោកជំទាវនឹងបញ្ចូលទៅក្នុងរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សស្តីពីកម្ពុជា។ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកស្រី Michelle មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមពេលវេលាសមស្របផងដែរ៕