ភ្នំពេញ ៖ អតីតមេគុកទួលស្លែង (មន្ទីរស២១) កាំង ហ្គេចអ៊ាវ ហៅ ឌុច នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ ត្រូវឆ្មាំពន្ធនាគារបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ដោយសារធ្លាក់ខ្លួនឈឺជាទម្ងន់ ក្នុងអំឡុងពេលជាប់ទោសនៅពន្ធនាគារខេត្តកណ្តាល។
លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល បានបញ្ជាក់ថា ឌុច មានបញ្ហាផ្លូវដង្ហើម និងរាក គាត់ចាប់ផ្តើមមានបញ្ហាជំងឺនេះ កាលពីល្ងាចថ្ងៃសៅរ៍ កន្លងទៅ។ ឌុច ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យខ្មែរ-សូវៀត»។
សូមរំលឹកថា បុរសវ័យ៧៦ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ នៅទីក្រុងភ្នំពេញ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ។ កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០១៣ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តការអនុវត្តទោសអស់មួយជីវិត៕