ខេត្តព្រះវិហារ ៖ សំឡេងផ្ទុះលើអាកាសយ៉ាងខ្លាំងលាយឡំនឹងមានបំណែកជាច្រើនធ្លាក់មកដីបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៥ តុលា នេះ ហើយកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ រួមទាំងប្រជាពលរដ្ឋផងនោះ បានស្វែងរកបំណែកយាន្ដធ្លាក់មកលើដី ចំនួន៩គោលដៅ ខ្លះធ្លាក់មកលើដីឡូត៍ ខ្លះធ្លាក់ចំដីចំការ និងខ្លះទៀតចំដំបូលផ្ទះប្រជាពលរដ្ឋ។
ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋសង្ស័យថា សំឡេងផ្ទុះបង្កការភ្ញាក់ផ្អើលរួមទាំងបំណែកដែលធ្លាក់មកដីនោះជាបំណែកយន្តហោះដែលគេសង្ស័យថា បានផ្ទុះធ្លាក់។
លោកឧត្តមសេនីយ៍ស្នងការ ខេត្តព្រះវិហារបានឲ្យដឹងថា ក្រោយមានសំឡេងផ្ទុះនៅលើអាកាស ក្រុមការងារ បានរកឃើញបំណែកយានដែលផ្ទុះនេះ ធ្លាក់រាយប៉ាយក្នុងភូមិសាស្ដ្រស្រុកគូលែន ប៉ុន្ដែបំណែកដែលជាប្រភេទអាលុយមីញ៉ូម និងជ័រ ដែលមានទម្ងន់ជាង៤០គីឡូក្រាម មិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សសត្វនោះទេ គ្រាន់តែខូចខាតដំបូលផ្ទះមួយចំណែក របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងកាពារជាតិលោក ឈុំ សុជាតិ បានបញ្ជាក់ថា ពិតជាមានកណីផ្ទុះលើអាកាស និងមានបំណែកអាលុយមីញូមធ្លាក់មកដីពិតមែន។ លោកថា សង្ស័យជាករណីយាន (ដ្រូន) គ្មានមនុស្សបើក ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវពីបញ្ហានេះ៕