ក្រចេះ ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំកម្ពុជា(WWF)បានបញ្ជាក់ថា ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៨នឹងត្រូវបានរៀបចំធ្វើឡើងនៅក្នុងថ្ងៃទី២៦ ខែតុលា នាសួនច្បារបឹងហ្គាឡូ ទីរួមខេត្តក្រចេះចាប់ពីម៉ោង៣រសៀលតទៅ ។
សេចក្តីប្រកាសដដែលបញ្ជាក់ដែរថា កម្មវិធីសកម្មភាពកម្សាន្តសប្បាយជាច្រើន ក៏ត្រូវបានរៀបចំ ឡើងក្នុងទិវាផ្សោតមេគង្គ ២០១៨ ដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុករបស់ខេត្តក្រចេះ, ការតាំងបង្ហាញរូបថត, ល្បែងកម្សាន្ត, ការឆ្លើយសំណួរឈ្នះរង្វាន់, ការសម្តែងសិល្បៈដោយតារាល្បីៗ ព្រមទាំងកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ។
របាយការណ៍ពីអង្គការ WWF បញ្ជាក់ថា ក្នុងឆ្នាំ១៩៩៧ ចំនួនសត្វផ្សោតទន្លេមេគង្គ មានប្រមាណ ២០០ក្បាល តែបានធ្លាក់មកនៅប្រមាណ៨០ក្បាល ក្នុងឆ្នាំ២០១៥ ។ បើគិតត្រឹមខែមេសា ឆ្នាំនេះ សត្វផ្សោតទន្លេមេគង្គ ដែលកំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជ បានកើនឡើងពី ៨០ ទៅ ៩២ក្បាល ក្នុងរយៈពេល២ឆ្នាំចុងក្រោយ៕