ស្វាយរៀង៖ កម្មករ-កម្មការិនី ប្រមាណជាជាង ២០នាក់ បានបាត់បង់ជីវិត និងរបួសធ្ងន់ ស្រាលជាង ១០នាក់ទៀត ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កលើងដោយរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម បុកជាមួយ រថយន្តដឹកកម្មករ បណ្តាលឲ្យក្រឡាប់ នៅស្រុកស្វាយទាប។
គ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់នេះ កើតឡើង កាលពីវេលាម៉ោង ៦:៤៥ នាទី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង កម្មករជាង ១០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយអ្នកខ្លះមានសង្ឃឹមតិចតួចក្នុងការស្រោចស្រង់ជីវិត។
សមត្ថកិច្ចបានឲ្យដឹងថា កម្មករ ដែលរងរគ្រោះថ្នាក់នេះ ស្លាប់ ២១នាក់ ស្រី១៦នាក់ និងជាង ១០នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅតាមមន្ទីរពេទ្យ និងគ្លីនិកឯកជន ខណៈខ្លះទៀតបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។ នៅក្នុងរថយន្តដឹកកម្មករ ដែលជួបគ្រោះថ្នាក់នេះ ផ្ទុកកម្មករជាង ៣០នាក់។
សាក្សីបានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម 15SH ពាក់ស្លាកលេខ ភ្នំពេញ 3C-6335 បានវ៉ាជែង ហើយចូលក្នុងគន្លងម្ខាងទៀត បុកជាមួយនឹងរថយន្តកាំមីញ៉ុងដឹកកម្មករ ទំហឹងលាន់ឮដូចរន្ទៈ បណ្តាលឲ្យក្រឡាប់ ស្លាប់កម្មករជាង ២០នាក់។ ភ្លាមៗ តៃកុងរថយន្តក្រុងវៀតណាម ជាជនជាតិវៀតណាម ត្រូវបានចាប់ខ្លួន៕
រថយន្តក្រុងបុករថយន្តដឹកកម្មករ ស្លាប់ជាង២០នាក់ របួសធ្ងន់ស្រាលជាង១០នាក់