ភ្នំពេញ ៖ ដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃ របស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺជាការងារបច្ចេកទេសសុទ្ធសាធ ក្នុងនាមជាដៃគូជាមួយរាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា អ្នករាយមារណ៍ពិសេសរូបនេះ មានកាតព្វកិច្ច និងសមត្ថកិច្ច ជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចជំរុញវិស័យនេះ ឱ្យទទួលបានផ្លែផ្កាវិជ្ជមាន ដោយគ្មានប្រទូស្ត រ៉ាយ ជាមួយអធិបតេយ្យកម្ពុជា ដែលជារដ្ឋសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។
តាមការគ្រោងទុក លោកស្រី រ៉ូណា ស្មីត នឹងបញ្ចប់ដំណើរទស្សនកិច្ចដោយមានធ្វើសន្និសីទសារ ព័ត៌មានមួយនៅវេលារសៀលថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីបង្ហាញពីការមើលឃើញក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ មនុស្សប្រចាំកម្ពុជា ដែលមានអាសយដ្ឋាន នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន៕