ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ បានប្រតិកម្មយ៉ាងខ្លាំង និងអំពាវនាវឲ្យអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ ជួយដោះស្រាយករណីក្រុមហ៊ុនចិន ធ្វើអាជីវកម្មរ៉ែមាស នៅចំណុចភូមិរំដេង ឃុំរមទម ដែលបាន និងកំពុងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ និងអាចបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វជាមិនខាន។
ព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិរំដេង បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនចិន ដែលធ្វើអាជីវកម្មរ៉ែ នៅចំណុចភូមិ ឃុំ ខាងលើ កំពុងកាប់បំផ្លាញកូនឈើ ក្លុង និងត្រាច និងដឹកឈើចូលចំណុចការដ្ឋានជីករុករករ៉ែ របស់ចិននោះ យ៉ាងគគ្រឹកគគ្រេង ក្នុង១ថ្ងៃមិនតិចក្រោមពី៥-១០គោយន្ត តែមិនដឹងថា គេយកទៅធ្វើអ្វីនោះទេ។
ប្រភពដដែលបន្តថា ការបង្កើតឲ្យមានការជីករុករករ៉ែមាសទ្រង់ទ្រាយធំបែបនេះ អាជ្ញាធរ គួរតែត្រួតពិនិត្យឲ្យបានច្បាស់លាស់ និងគួរជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបានដឹង ដើម្បីពួកគាត់ប្រុងប្រយ័ត្ន ព្រោះថា សំណល់នៃសារធាតុគីមីដែលគេប្រើដើម្បីសម្រាញ់យករ៉ែលោហធាតុមានតម្លៃ វានឹងហូរចូលទៅក្នុងប្រព័ន្ធទឹកធម្មជាតិតាមរយៈទឹកភ្លៀង ដូចជា ស្ទឹង បឹងបួរ ហើយអាចបង្កគ្រោះថ្នាក់មនុស្ស សត្វ ដែលរស់នៅជុំវិញតំបន់នោះ ដូចដែលធ្លាប់កើតមានករណីពុលទឹកព្រែក នៅខត្តក្រចេះ អញ្ចឹងដែរ៕