ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយករថយន្តមួយគ្រឿងបានសម្រេច និងរក្សាទុកអស់រយៈពេល៣ថ្ងៃ ទើបម្ចាស់តាមរកឃើញនៅទល់មុខមន្ទីពេទ្យព្រះអង្គឌួង ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ នឹងឡោមព័ទ្ធចាប់បានទាំងជនសង្ស័យម្នាក់ភ្លាមៗ នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ១១៨ កែងផ្លូវព្រះនរោត្ដម ( ទល់មុខមន្ទីពេទ្យអង្គឌួង ) ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថា រថយន្តរបស់ជនរងគ្រោះម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2M-5759 ត្រូវជនសង្ស័យលួចយកនៅវេលាម៉ោង ៣ទាបភ្លឺ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ត្រង់ចណុចមុខផ្ទះជនរងគ្រោះ ដែលស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ លុះមកដល់នៅរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ក៏ប្រទះឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៍ខ្មៅ ដែលបិទស្កុតពណ៍ ស ពាក់ស្លាក់លេខភ្នំពេញ 2.AH 1637 ជាស្លាក់លេខក្លែងក្លាយ ចតទុកចោលនៅតាមបណ្ដោយផ្លូវ១១៨ កែងផ្លូវនរោត្ដម ( ទល់មុខមន្ទីពេទ្យអង្គឌួង )។
សង្ស័យដូចនេះ ម្ចាស់រថយន្តក៏គាត់យកតេឡេ ចុចសាកមើលស្រាប់រថយន្តនោះលោតភ្លើងសញ្ញា ហើយក៏យកកូនសោរទៅចាក់ថ្វាររថយន្តគឺប្រាកដណាស់ជារថយន្តរបស់គាត់ ទើបប្ដឹងសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុខាងលើ រួចបានឡោមព័ទ្ធចាប់បានជនសង្ស័យម្នាក់ភ្លាមៗផងដែរ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បាននាំខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង ទៅការិយាល័យព្រហ្មទណ្ឌក្រុងនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕