ថ្ងៃស្អែក កម្លាំងមួកខៀវកម្ពុជាជាង២០០នាក់ទៀត ចេញទៅអាហ្វ្រិកកណ្តាល
ភ្នំពេញ ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ខាងមុខនេះ ក្រសួងការពារជាតិកម្ពុជា នឹងបញ្ជូនកងវិសកម្មលេខ៥៩៤ ចំនួន២១៦នាក់ ក្នុងនោះនារី១០នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ នេះបើតាមសេចក្តីប្រកាសចុះផ្សាយថ្ងៃទី៣១ ខែតុលា របស់ ក្រសួងការពារជាតិ។
សេចក្តីប្រកាសនេះបញ្ជាក់ថា ទន្ទឹមនឹងការបញ្ជូនកងទ័ពចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនេះ កម្ពុជាក៏ធ្វើមាតុភូមិនិវត្តន៍នៃកងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ ក្នុងនោះរួមមាននារីចំនួន១៤ នាក់ ពីប្រទេសអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថលេខ៦១៨ ចំនួន៧៣នាក់ រួមទាំងនារី៩នាក់ ពីសាធារណរដ្ឋស៊ូដង់ខាងត្បូង នាថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ ផងដែរ៕