ភ្នំពេញ ៖ ពន្ធនាគារចំនួន១៨ ក្នុងចំណោមពន្ធនាគារចំនួន២៨ នៅទូទាំងប្រទេសកម្ពុជា ត្រូវបាន រកឃើញថា អ្នកជាប់ពន្ធនាគារច្រើនជាង ១ភាគ៣ គឺជាជនដែលត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ។ នេះបើតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ចេញផ្សាយនៅ ថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៨។
របាយការណ៍ដដែល បញ្ជាក់ថា នៅក្នុងពន្ធនាគារមួយចំនួនទៀត មានអ្នកជាប់ឃុំច្រើនជាងពាក់កណ្ដាល ដែលមិនទាន់ត្រូវបានតុលាការបើកសវនាការជំនុំជម្រះនៅឡើយ។ ការឃុំខ្លួនបណ្ដោះ អាសន្ននេះ ច្រើនហួសហេតុ ធ្វើឲ្យពន្ធនាគារនៅកម្ពុជាដែលចង្អៀតណែនស្រាប់ មានសភាពកាន់តែធ្ងន់ធ្ងរថែមទៀត។
របាយការណ៍អង្គការនេះ ក៏បានជំរុញឲ្យចៅក្រមស៊ើបសួរ ប្រើឆន្ទានុសិទ្ធិដោះលែងជនជាប់ចោទដែលអាចឲ្យនៅក្រៅឃុំរហូតទាល់តែដល់ថ្ងៃសវនាការជំនុំជម្រះរឿងក្ដី ដើម្បីកាត់បន្ថយសម្ពាធលើជនជាប់ឃុំរាប់ពាន់នាក់ នៅក្នុងពន្ធនាគារទាំងអស់នៅកម្ពុជា។
អង្គការនេះ បានឆ្លុះបញ្ចាំងថា អ្នកជាប់ឃុំច្រើនហូសកំណត់ មិនត្រឹមតែបានបង្កផលប៉ះពាល់ទៅលើអ្នកជាប់ឃុំបណ្ណោះទេ គឺវាក៏ផ្ដល់ផលវិបាកដល់មន្ដ្រីពន្ធនាគារផងដែរ៕