ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើអ្នកគ្រប់គ្រងសាលារៀនទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់រូបភាព ក្នុងការធានាការបង្រៀនសិស្សឲ្យបានពេញលេញ ស្របតាមកម្មវិធីសិក្សាដែលបានកំណត់ បើទោះជាមានករណីទឹកជំនន់ និងខ្យល់កន្ត្រាក់ក៏ដោយ។ ការស្នើរបស់សម្ដេច ហ៊ុន សែន នេះ នៅក្នុងសារលិខិតអំពាវនាវដែលមាន៨ចំណុច ឱកាសអបអរសាទរថ្ងៃបើកបវេនកាលសិក្សាឆ្នាំ២០១៨-២០១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗ ចៅៗជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រ កុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនឹងដល់អាយុចូលសាលារៀន៕