ភ្នំពេញ៖នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិផ្សព្វផ្សាយរបាយការណ៍សវនកម្ម ជាសាធារណៈ និងទាន់ពេលវេលា ដោយមិនចាំបាច់សួរយោបល់នាយករដ្ឋមន្ត្រីនោះទេ។
លោកនាយករដ្ឋមន្ត្រីថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ប្រចាំឆ្នាំនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយឆ្លើយតបនឹងសំណួររបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ហ្សងហ្វ្រង់ស័រ កូតាំង (Jean-François Cautain) ទាក់ទងនឹងរបាយការណ៍សវនកម្មនេះ។
លោកបានបញ្ជាក់ថា«ខ្ញុំថាទេ វាគ្មានរឿងអី មកត្រូវលាក់លាម អារបាយការណ៍រឿងចាយលុយចាយកាក់ ព្រោះអាហ្នឹងគេត្រូវយកទៅទូទាត់នៅសភា។ …ហើយរឿងនេះឯកឧត្តមគាត ឈន់ ត្រូវពិនិត្យមើលពីបញ្ហាជំនួសមុខឲ្យខ្ញុំ។ លើបញ្ហាហ្នឹងត្រូវធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយក៏កុំឲ្យយឺតពេលដែរ។ …ហើយមកចាំសួរយោបល់ថានាយករដ្ឋមន្ត្រី គួរផ្សាយ ឬមិនគួរ ទេអាហ្នឹងត្រូវតែផ្សាយ វាអត់ត្រូវគួរ ឬមិនគួរទេ។ ព្រោះយើងធ្វើវាអត់មានអីលាក់បាំង»៕