កម្មករ-និយោជិត អាចឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងថ្ងៃបុណ្យអុំទូក
ភ្នំពេញ ៖ កម្មករ និយោជិត ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២១-២២ និង ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ បានបញ្ជាក់ប្រាប់ដល់ម្ចាស់ និងនាយកសហគ្រាសគ្រឹះស្ថានទាំងអស់ ត្រូវអនុវត្តតាមសេចក្តីជូនដំណឹងនេះ ក្នុងករណីចាំបាច់បំផុតដែលមិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាននៅក្នុងអំឡុងពិធីបុណ្យនេះ ម្ចាស់ និងនាយកសហគ្រាសគ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករ និយោជិត ឱ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យ ឱ្យបានសមស្រប៕