អ្នកទស្សនា​បុណ្យ​សមុទ្រ​ឆ្នាំនេះ នៅ​ខេត្តកោះកុង អាច​ឆ្លង​ទៅលេង​ប្រទេស​ថៃ​បាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 November, 2018 ក+ ក-

​កោះកុង ៖ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ឆ្នាំនេះ នឹង​រៀបចំ​នៅ​ខេត្តកោះកុង រយៈពេល​៣​ថ្ងៃ ហើយ​អ្នកទេសចរ​ពី​កម្ពុជា​ដែល​មក​ទស្សនា​ពិធីបុណ្យ​នេះ អាច​ឆ្លងទៅ​ទស្សនា​នៅ​ប្រទេស​ថៃ និង​អាច​ស្នាក់នៅ​កម្សាន្ត​នៅ​ទី​នោះបាន​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​លោក ថោង ខុន បាន​មានប្រសាសន៍ថា ក្នុង​អង្គប្រជុំ​ជាមួយ​ក្រុមការងារ​មួយ ខាង​ភាគី​កម្ពុជា បាន​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ដើម្បី​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​ពី​កម្ពុជា ដែល​មក​ទស្សនា​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ឆ្នាំនេះ អាច​ឆ្លងទៅ​ទស្សនា​នៅ​ខេត្ត​ត្រាច ប្រទេស​ថៃ និង​ស្នាក់នៅ​ទីនោះ​បាន​ផងដែរ ។​

​គូសបញ្ជាក់ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ នៅ​ខេត្តកោះកុង នឹងត្រូវ​បានរៀបចំ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​៕