ក្រសួង​ប្រកាស​ពី​គ្រោះថ្នាក់​នៃ​ការចាក់​ឱសថ​កែស​ម្ភ​ស្ស​ដែល​លក់​តាម​ហ្វេ​ស​ប៊ុ​ក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ចំនួន​៦ ត្រូវ​បញ្ឈប់​ការនាំ​ចូល ការផ្សព្វផ្សាយ​លក់ ឬ​ចែកចាយ​ផលិតផល​ឱសថ​ខុសច្បាប់​ចំនួន​១៨​មុខ​(​សូម​មើល​រូបភាព​ខាងក្រោម​) ព្រមទាំង​ប្រមូល​មកវិញ​ដើម្បី​កម្ទេចចោល​ជាបន្ទាន់ ព្រោះ​អាច​បង្ក​ឲ្យ​អ្នកប្រើប្រាស់​រងគ្រោះថ្នាក់​ដ​ល់​អាយុជីវិត​។​

​ក្រសួង បាន​បញ្ជាក់ថា គណនី​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ បាន និង​កំពុង​ផ្សព្វផ្សាយ​ផលិតផល​ឱសថ​​ប្រភេទចាក់​ ចំនួន​១៨​មុខ ដោយ​គ្មាន​បញ្ជាក់​ពី​ឈ្មោះ​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ការចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ និង​គ្មាន​ការអនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ​។​

​គួរ​ជម្រាប​ថា ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​គណនី​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែលក្រសួងចាត់ទុកថា ​បាន​ផ្សព្វផ្សាយ​អួតអាង បំផ្លើស​ហួស​ពី​ការពិត​នូវ​ផលិតផល​ឱសថ​ចាក់ ដូចជា ជួយ​ឲ្យ​ស្បែ​កស បំបាត់​ស្នាម​អុជ​ខ្មៅ អាចម៍រុយ ជួយ​រក្សា​វ័យ​ឲ្យ​នៅ​ក្មេង កាត់បន្ថយ​ការផលិត​ជាតិ Melanin ការពារ​និង​បំបាត់​ភាព​ជ្រីវជ្រួញ បណ្តុះ​កោសិកា​ថ្មី បំបាត់​មុខ​ទ្រុត មុខ​ខ្មួ​ត ជួយ​រក្សា​រាង កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង សរសៃឈាម​ជាដើម​។

ក្រសួងសុខាភិបាល បានអំពាវនាវថា ​ដើម្បី​ចៀសវាង​ការ​ខាង​បង់ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខភាព អាចឈាន​ទៅដល់​ការបាត់បង់​អាយុជីវិត ស្លាប់​ដោយ​គាំងបេះដូង អ្នកប្រើប្រាស់​ទៀត​នោះ  ស្នើ​បងប្អូន​ដែល​ចូលចិត្ត​ប្រើប្រាស់​ផលិតផល​ឱសថ​ចាក់​បំប៉ន​ស្បែក​ទាំងនោះ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់​។

​ក្រសួងសុខាភិបាល ក៏បាន​ព្រមាន​ចាត់​វិធា​នការ​យ៉ាង​តឹងរ៉ឹង​តាមផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី​ទាំង​៦ និង​គណនី​មួយចំនួន​ផ្សេងទៀត  ទៅតាម​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​៕