សមាជិក​រាជវង្ស ឌូ​បៃ នៃ​សហព័ន្ធ​អារ៉ាប់​រួម បញ្ជាក់​ពី​បំណង​វិនិយោគ​នៅ​កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2018 ក+ ក-

​ភ្នំពេញ ៖ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum សម​ជិ​ក​រាជវង្ស ឌូ​បៃ សហព័ន្ធ​អារ៉ាប់​រួម បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ ថា ព្រះអង្គ មានបំណង​ចង់​ចូលរួម ក្នុងការ​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចាប់ផ្ដើម​ទំនាក់ទំនង និង​ការដាក់​ទុនវិនិយោគ​នៅ​កម្ពុជា​។ ព្រះអង្គម្ចាស់ បានបង្ហាញ​ចំណាប់អារម្មណ៍​ការវិនិយោគ​លើ​ប្រព័ន្ធ​ប្រេង ឧស្ម័ន លើ​ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ​។​
​ការបញ្ជាក់​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ ខណៈ​ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ជួបពិភាក្សា​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

​ព្រះអង្គម្ចាស់ បាន​ជម្រាប​សម្តេច​តេ​ជោ​ថា នឹង​ផ្តល់ជូន​ឥណទាន​កម្ចី (Credit line) ចំនួន​៥០០​លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់​ក្នុង​ការនាំ​ទំនិញ​ចូល​ពី​សហព័ន្ធ អារ៉ាប់​រួម ហើយនឹង​សិក្សា​លទ្ធផល​ផ្សេងៗ​ទៀត ដើម្បី​ធ្វើការ​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងឱកាស​នោះដែរ ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum ក៏បាន​ឆ្លៀត​គោរព​អញ្ជើញសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅធ្វើ​ទស្សនកិច្ច​នៅ​សហព័ន្ធ​អារ៉ាប់​រួម​ផងដែរ​នាពេលខាងមុខ ។​
​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ព្រះអង្គម្ចាស់ និង​ប្រជាជន ក៏ដូចជា សហព័ន្ធ​អារ៉ាប់​រួម ដែល​បាន​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ជាពិសេស សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស​ផង ការកសាង​មជ្ឈមណ្ឌល​កុមារកំព្រា និង​ជួយ​ដល់​កុមារកំព្រា​ផង​។ ពាក់ព័ន្ធ​នឹង​ការវិនិយោគ​លើ​វិស័យ​ឧស្ម័ន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​មានប្រសាសន៍​ផងដែរ​ថា ក្នុងករណី​ដែល​បាន វិនិយោគ​ក្នុង​វិស័យ​ឧស្ម័ន​នេះ គឺ​ជួយ​កាត់បន្ថយ​ក្នុងការ​កាប់​ឈើ​ធ្វើ​អុស​ដុត​ផង ហើយក៏​ជួយ​ក្នុងការ គ្រប់គ្រង​ធនធានធម្មជាតិ​ផងដែរ ។​

​ស​ម្ដេចក៏​ថ្លែងអំណរគុណ​ចំពោះ​ព្រះ​អម្ចាស់​ផងដែរ ចំពោះ​ការផ្ដល់​ឥណទាន​កម្ចី (Credit line) ចំនួន ៥០០​លាន​ដុល្លារ សម្រាប់​នាំ​ទំនិញ​ចូល​ពី​សហព័ន្ធ​អារ៉ាប់​រួម ហើយ​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ការអញ្ជើញ​សម្ដេច​ទៅ​ទស្សនកិច្ច​នៅ​អារ៉ាប់​រួម ដោយ​សម្ដេច​បញ្ជាក់ថា នឹង​ពិនិត្យមើល​ពេលវេលា​ដ៏​សមស្រប​មួយ​នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ​។ ដោយឡែក​ពាក់ព័ន្ធ ឥណទាន​កម្ចី (Credit line)៥០០​លាន​ដុល្លារ​នោះ សម្ដេច​តេ​ជោ បាន​ណែនាំ​ឲ្យ​ពិភាក្សា​ជាមួយ​ស្ថាប័ន ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​រក​ចំណុច​ណាមួយ ក្នុងការ​ចាប់ផ្ដើម​ប្រើប្រាស់​ថវិកា​នេះ​៕