រលាយ​អស់​ភ្នំ​មួយ ទើប​បែកធ្លាយ​ព្រោះតែ​ធ្លាក់​រថយន្ត​ដឹក​ដី​សង្កត់​អ្នកបើកបរ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2018 ក+ ក-

​ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបរ​រថយន្ត​ដឹក​ដី​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ ដោយសារ​រថយន្ត​រអិល​ធ្លាក់​ពីលើ​ភ្នំ ខណៈ​កំពុងបើក​ទៅ​ដាក់​អាចម៍ដី និង​កម្ទេច​ថ្ម​នៅ​​ភ្នំ​ទ្រ​យោង ស្ថិតក្នុង​ភូមិ​ទ្រ​យោង​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​។​

ការធ្វើ​អាជីវ​កម្មនេះ បានកើត​មាន​យ៉ាង​ដុះ​ស្លែ​យូរហើយ ប៉ុន្តែ​ស្ងប់ស្ងាត់​ល្អ​ណាស់​សង្ស័យ​មាន​អ្នកពាក់ព័ន្ធ​ច្រើន​។​

​ភ្នំធម្មជាតិ​មួយ​នេះ​បើ​យើង​មើល​ពី​ផ្លូវជាតិ​លេខ​៦ នៅ​ហំ តែបើ​មើល​ពី​ចំហៀង ឬ​ពីក្រោយ ជិត​រលាយ​ហើយ គឺ​ឈ្មួញ​កាយ​យក​ថ្ម​ជា​បន្តបន្ទាប់ ឯ​ចំណុច​កាយ​រាប​ដល់​ដី​ហើយ​នោះ​ក្លាយជា​ទីតាំង​មាន​ម្ចាស់​គ្រោង​បោះបង្គោល​ហ៊ុំព័ទ្ធ​យក​ធ្វើជា​កម្ម​សិទ្ធ​ទៀតផង​។​រឿង​ដ៌​អាថ៌កំបាំង​នេះ​ត្រូវបាន​បែកធ្លាយ​ដោយសារ​អ្នកបើកបរ​រថយន្ត​ដឹក​ថ្ម​ម្នាក់​បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​រថយន្ត​រអិល​ធ្លាក់​សង្កត់​នៅ​ចំណុច​រណ្តៅ​ជីក​យក​ថ្ម​លើ​ភ្នំ ទ្រ​យោង កាលពី​ព្រឹក​ថ្ងៃទី​៤ វិច្ឆិកា ឆ្នាំ​២០១៨​។ ជនរងគ្រោះ​ឈ្មោះ ឃិ​ញ ស៊ី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ទីតាំង​កើតហេតុ​ត្រូវគេ​ដឹងថា ឈ្មួញ​កាយ​យក​ថ្មភ្នំ​គ្មាន​ច្បាប់​នោះទេ​។ បញ្ហា​នេះ​ប្រភព​នានា ជាច្រើន​លើកឡើងថា ការធ្វើ​អាជីវកម្ម​កាយ​យក​ថ្ម​លើ​ភ្នំ​ទ្រ​យោង​មិនមែន​មាន​លោក យឿន​សំបូរ នោះទេ​ប្រភព​ថា មាន​របស់​អ្នកផ្សេងៗ ២​ទៅ​៣​នាក់​ទៀត និង​ខ្លះ​ជា​ឧក​ញ្ញ៉ា​ទៀតផង​។

​ជុំវិញ​ករណី​រិៈ​គន់​ជុំ​ទិស​នេះ​លោក អែម ណុ​យ មេឃុំ​ភ្នំ​លៀប កន្លងមក​ធ្លាប់​ប្រាប់​ឱ្យដឹងថា​ករណី​ខាងលើ​កើតមាន​មែន ប៉ុន្តែ​លោក​ថា ចំណុច​ខ្លះ​ដី​មាន​ម្ចាស់​ក្នុងនោះ​លោក​ថា ក្រុមហ៊ុន​មួយ​ជា​របស់​ឧក​ញ្ញ៉ា សៀង ណាំ សុំ​កាយ​យក​ថ្ម​ទៅ​ជួយ​អភិវឌ្ឍ​ន៌​ផ្លូវ​នៅតាម​មូលដ្ឋាន​ដែល​ពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​ក្នុង​ខេត្តសៀមរាប​។​

​គួរ​បញ្ជាក់ថា​ក្រៅពី​ភ្នំ​ទ្រ​យោង ក៌​មាន​ភ្នំ​មួយចំនួនទៀត ក្នុង​ខេត្តបន្ទាយមានជ័យ កំពុង​ត្រូវបាន​គេ​ចូក​កាយ​ធ្វើ​អាជីវកម្ម​កន្លែង​ខ្លះ​មានច្បាប់​កន្លែង​ខ្លះ​សង្ស័យ​អត់​ច្បាប់​ដែល​បញ្ហា​នេះ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​គួរតែ​ពិនិត្យមើល​ផង​៕ ​ដោយ ៖ សុផល