ច្រាំងទន្លេ​ក្រុង​កំពង់ចាម បន្ត​បាក់ស្រុត​​ប្រមាណ​២០០​ម៉ែត្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2018 ក+ ក-

​កំពង់ចាម ៖ ច្រាំងទន្លេ ក្រុង​កំពង់ចាម ចំណុច​មុខ​សណ្ឋាគារ LBN អា​សា៑ន​របស់​ឩ​កញ្ញា លឹម ប៊ុណ្ណា ស្ថិតនៅ​ខាងជើង​ស្ពាន​គី​ហ្សូ​ណា គិត​មកដល់​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ បាន​បន្ត​បាក់ ស្រុត​អស់​ប្រវែង​ប្រមាណ ២០០​ម៉ែត្រ និង​ជំរៅ ប្រហែល ២​ម៉ែត្រ បានធ្វើអោយ​អាជ្ញាធរ​ដែនដី និង ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ដើរ​កំសាន្ត​មានការ​ព្រួយបារម្ភ​។

​រយៈពេល​ពី ទៅ​បី​ថ្ងៃ បន្ទាប់ពី​មានការ​បាក់​ច្រាំងទន្លេ​នេះ គេ​ឃើញ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក ឯ​.​ឧ​. អភិបាលរង​ខេត្ត ឯ​.​ឧ​.​អភិបាលក្រុង​កំពង់ចាម បាន​ដឹកនាំ​កំលាំង​ជំនាញ​ចុះ​ពិនិត្យ សិក្សា ម្តង​ហើយ​ម្តងទៀត ដើម្បី​រៀបចំ​ជួសជុល​កសាង​ច្រាំងទន្លេ​នេះ​ឡើងវិញ​។ ក្នុងនោះ ឯ​.​ឧ​. គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ ថា ច្រាំងទន្លេ​ដែល​បាក់ស្រុត​នេះ ត្រូវ​ធ្វើការ ជួស ជុល​ឡើងវិញ តែ​រង់ចាំ​ជំនាញ​សិក្សា​រួច​សិន ហើយ​ពេលនេះ​ដី​នៅ​ទន់ជ្រាយ​នៅឡើយ​ផង ដែល​មិនអាច​ឲ្យ​យើង​ធ្វើការ​ជួសជុល​កែលម្អ​ភ្លាម​បានឡើយ​។

​ជំរៅ​ដែល​ស្រុត​ខ្លាំងជាងគេ គឺ​ម្តុំ​រូបសំណាក​ដំរី​ក្បាល​៤ ដែលមាន​អាងទឹក​ផង​នោះ បាន​បាក់ស្រុត​ខ្លាំង គឺ​ជំរៅ​ដល់​ទៅ​២​ម៉ែត្រ ឬ​លើសពីនេះ​ប​ន្តិ​បន្តួច តែ​មិន​ធ្វើអោយ​រូបសំណាក​ដំរី​ក្បាល​៤​នេះ​ស្រុត រលំ​បានឡើយ ដោយ​សំណង់​នេះ វិស្វករ​បាន​បុកគ្រឹះ​យ៉ាងជ្រៅ និង​រឹងមាំ​។

​ចំណុច​ច្រាំងទន្លេ​ដែល​បាក់ស្រុត​ខាងលើ ម្តុំ​រូបសំណាក​ដំរី​ក្បាល​៤​នេះ​មាន​ចំងាយ ប្រហែល ៣០​ម៉ែត​ពី​សណ្ឋាគារ ( LBN អា​សា៑ន​របស់​ឩ​កញ្ញា លឹម ប៊ុណ្ណា​) កំពស់​ជាង​១០​ជាន់ ។

​ទោះបី​ច្រាំងទន្លេ​បាក់ស្រុត​បែបនេះ​ក៏ដោយ វា​មិនមាន​បង្ករ​ផលប៉ះពាល់​ដល់​សណ្ឋាគារ​ដ៏​ខ្ពស់​របស់​ឩ​កញ្ញា លឹម ប៑​ុ​ណ្ណា​បានឡើយ ព្រោះ​សំណង់​លេចធ្លោ​ជាងគេ​នេះ​វិស្វករ​និង​អ្នកជំនាញ​ជាច្រើនរូប​បាន​សឹ​ក្សា​ច្បាស់លាស់​តាម​ស្តងដា​អន្តរជាតិ ហើយ​បាន​បុកគ្រឹះ​សរសរ​រឹងមាំ​ធានា​សុ​វ​ត្តិ​មួយរយ​ភាគរយ ។

​ចំណែក ប្រជាពលរដ្ឋ​ដែល​ដើរ​កំសាន្ត​តាម​មាត់ទន្លេ​ម្តុំ​ច្រាំង​បាក់​នេះ បានផ្តល់​យោបល់​ថា ម្តុំ ច្រាំងទន្លេ​ដែល​បាក់​នេះ មាន​ដាក់​ផែ​ចំនួន​ពី​ទៅ​បី​ផែ ដែល​ធ្វើអោយ​ចរន្ត​ខ្សែទឹក​ហូរ​បុក​ចំ​ផែ​នោះ មិន​ហូរ​ទៅដោយ​រលូន​បាន​ហើយ​ទឹក​ហូរ​នោះ​វឹល​វល់​នាំ​ដី​ខាងក្រោម ដាច់​បន្តិច​ម្តងៗ ធ្វើអោយ​សំណង់​និង​រូបសំណាក​ខាងលើ​បាក់ស្រុត​។ មតិ​របស់​មហាជន ខាងលើនេះ គួរតែ​អស់លោក​ជំនាញ​ពាក់​ព​ន្ធ័ ពិចារណា​ឬ​យក​ផែ​ទៅ​ដាក់​កន្លែង​ផ្សេង តាម​យោបល់​របស់​ប្រជាពលរដ្ឋ​៕  សុផល​