អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានជូនដំណឹងថា អត្តសញ្ញាណបណ្ណប្រជា ជន គំរូចាស់ទាំងអស់ នឹងបញ្ចប់សុពលភាពប្រើប្រាស់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយថា ឱ្យប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលកំពុងប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៥ឆ្នាំឡើង ដែលពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ត្រូវរួសរាន់ទៅបំពេញបែបបទ ដើម្បីស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅតាមបណ្តាទីតាំងដូចជា ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ឬ-អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ-ស្នង ការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលខ្លួនរស់នៅ ឬ-ស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអនម៉ល២សែនសុខ។
ក្រសួងក៏បានបង្ហាញដែរថា ដើម្បីស្នើសុំអត្តសញ្ញាណបណ្ណគំរូថ្មី សាមីខ្លួនត្រូវភ្ជាប់ទៅជាមួយនូវឯកសារដូចជា ៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់ នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់៕