ភ្នំពេញ ៖ រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដែលជាស្ថាប័នមួយស្ថិតនៅក្រោមក្រសួងយុត្តិធម៌ កំពុងរៀបចំប្រឡងជ្រើសរើសចៅក្រម និងព្រះរាជអាជ្ញាចំនួន ៥០នាក់បន្ថែមទៀត ដើម្បីបំពេញការខ្វះខាតនៅទូទាំងប្រទេស ខណៈបេក្ខជនដាក់ពាក្យប្រឡងមានចំនួន ៧៤៥ នាក់។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា បេក្ខជនដែលប្រឡងជាប់នឹងត្រូវសិក្សា ២ ឆ្នាំលើទ្រឹស្តី និងការអនុវត្តនៅសាលា និងនៅតុលាការទូទាំងប្រទេស មុនក្លាយជាចៅក្រម និងព្រះរាជអាជ្ញា។ លោក ថា ពួកគេនឹងត្រូវចាប់ឆ្នោតយកមុខតំណែង ថាតើ ត្រូវធ្វើជាចៅក្រម ឬព្រះ រាជអាជ្ញា។ បន្ទាប់មកត្រូវចាប់ឆ្នោតម្តងទៀត ដើម្បីចាប់ប៉ុស្តិ៍តាមខេត្តដែលត្រូវទៅបំពេញការងារ។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានចៅក្រម និងព្រះរាជអាជ្ញាប្រមាណ ៤០០ នាក់ ដែលមិនទាន់គ្រប់គ្រាន់សម្រាប់ស្ថានការណ៍ពិតប្រាកដនៅឡើយទេ៕