អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ឆ្នាំ២០១៨ នឹងប្រមូលចំណូលពន្ធបានជិត២ពាន់លានដុល្លារ
ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ៧.៤៩៤,៨៥ ប៊ីលានរៀល ប្រមាណ ១.៨៧៣,៧១ លានដុល្លារអាមេរិក ស្មើនឹង ៩៧,៤២ ភាគរយនៃផែនការ បើធៀបនឹងឆ្នាំ២០១៧ កើនឡើង ១៨,៨៣ ភាគរយ ។
គួរជម្រាបថា បើគិតតែក្នុងមួយខែតុលា ឆ្នាំ២០១៨ ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួន ៧២៨,៤៨ ប៊ីលានរៀល ប្រមាណ ១៨២,១២ លានដុល្លារអាមេរិក ស្មើនឹង ៩,៤៧ ភាគរយ នៃផែនការ។
តាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ បានរំពឹងថា ចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨ នឹងអាចប្រមូលបានគ្រប់ផែនការកំណត់ដោយច្បាប់ ចំនួន ៧.៦៩៣,៥០ ប៊ីលានរៀល ស្មើនឹងប្រមាណជា ១.៩២៣,៣៨ លានដុល្លារអាមេរិក ៕