ភ្នំពេញ៖ វេទិកាតុមូលដែលមានរយៈ ពេលជិត៥០នាទីនៅថ្ងៃទី២១ឧសភា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើយកបញ្ហារសើបស្តីពីព្រំដែន កម្ពុជា-វៀតណាម មកពិភាក្សា និងបំភ្លឺជាថ្មីម្តងទៀតបន្ទាប់ពីប្រជាពលរដ្ឋកម្ពុជានិងអង្គការសង្គមស៊ីវិល ចោទប្រកាន់ថាវៀតណាមរំកិលបង្គោលព្រំដែន។
វេទិកានេះ មានការចូលរួមពីលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការព្រំដែននៅកម្ពុជា លោក ឡុង វីសាឡូ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការសម្របសម្រួលពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបកស្រាយថា ប្រជាពលរដ្ឋកម្ពុជា ពិតជាបានដាំដំណាំហួសចូលបង្គោលព្រំដែនក្នុងទឹកដីវៀតណាម នៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រវែង១៦.០៦ហិចតាមែន។លោក ហោ ណាំហុង មានប្រសាសន៍បែបនេះ ដោយសំអាងលើផែនទី និងឯកសារសំគាល់ជាច្រើនទៀត។
លោក ហោ ណាំហុង បានបន្តថា បើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ តាំងចិត្តប្រើប្រាស់ និងអនុវត្តវប្បធម៌សន្ទនា នៅក្រោយទទួលលិខិតរបស់លោករួចហើយ ករណីមានចង្ងល់ តំណាងរាស្ត្រទាំងនោះ អាចសាកសួររូបលោក រឺលោកវ៉ា គឹមហុងបន្ថែមទៀត។
ការខ្វែងគំនិតគ្នារឿងព្រំដែននៅចំណុចឃុំជាំ ស្រុកមេមត់ នេះ កើតឡើងបន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា ចោទប្រកាន់កាលពីពេលថ្មីៗថា វៀតណាម បានបាញ់ថ្នាំពុលធ្វើឲ្យខូចដំណាំកសិកម្ម។ ក៏ប៉ុន្តែភ្លាមៗ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានប្រតិកម្មវិញ ដោយអះអាងថា ការពិតពលរដ្ឋកម្ពុជា បានធ្វើស្រែចូលដីវៀតណាម ជាង ១៦ហិកតារ ទៅវិញទេ។
ទាំងលោក វ៉ា គឹមហុង និងលោក ហោ ណាំហុង សុទ្ធតែបានអះអាងថា ការកំណត់ព្រំដែនរវាងកម្ពុជា ជាមួយប្រទេសវៀតណាមនេះ គឺយោងលើផែនទីដែលអតីតព្រះមហាក្សត្រ គឺព្រះបាទសម្តេចព្រះ នរោត្តម សីហនុ តម្កល់នៅអង្គការសហប្រជាជាតិដែលទទួលស្គាល់ដោយអន្តរជាតិ។ ដោយឡែក ទីតាំងដែលមានជម្លោះនោះ គឺជាចំណុចដែលមានការកែតម្រូវខ្លះៗ និងព្រមព្រៀងជាមួយវៀតណាម រួចរាល់ហើយ ដែលមានផ្ទៃដីប្រមាណ ១០០ហិកតា។ ក៏ប៉ុន្តែ អ្វីដែលនាំឲ្យមានជម្លោះនេះ គឺពលរដ្ឋកម្ពុជា ធ្វើហួសពីការកែតម្រូវរបស់គណៈកម្មការព្រំដែនរវាងប្រទេសទាំងពីរ ហើយពលរដ្ឋកម្ពុជា ធ្វើចូលដីវៀតណាម ថែមទៀតរហូតជាង ១៦ហិកតា ទៅក្នុងទឹកដីវៀតណាម។
បើទោះជាយ៉ាងនេះក៏ដោយចុះ ក៏តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ផង លោក ម៉ៅ ពិសេស យល់ឃើញថា ការឆ្លើយបំភ្លឺណាមួយរបស់មន្ត្រីជំនាញដែលជាតំណាងឲ្យភាគី រដ្ឋាភិបាលនោះ គឺវាពុំបានផ្អែកលើការពិតអ្វីឡើយ។ លោកចាត់ទុកផ្ទុយទៅវិញថា ការបកស្រាយនោះ គឺគ្រាន់តែធ្វើឡើងដើម្បីបិទបាំងពីភាពខុសឆ្គងក្នុងរឿងព្រំដែន នេះប៉ុណ្ណោះ៖ «ខ្ញុំអាចយល់បានថា អ្វីដែលគាត់លើកឡើងគឺផ្តោតទៅលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ នៃការបោះបង្គោលព្រំដែន ដែលធ្វើឲ្យប្រទេសកម្ពុជា បាត់បង់ទឹកដី»។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានឆ្លើយសំណួររបស់លោក ផៃ ស៊ីផាន នៅក្នុងពិភាក្សាតុមូលនោះថា ការកំណត់ព្រំដែនជាមួយប្រទេសវៀតណាមនេះ គឺពុំបានប្រើប្រាស់តាមសន្ធិសញ្ញាបំពេញបន្ថែមណាមួយឡើយ។ លើសពីនេះទៀត សន្ធិសញ្ញាបំពេញបន្ថែមនេះទៀតសោត ក៏ពុំមានលទ្ធភាពណាមួយក្នុងការកំណត់ផែនទីនោះទៀតផង៖ «សន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥ មាននិយាយពីផែនទីកាលណា។ រួចគាត់ថា យកផែនទីឆ្នាំ១៩៨២ ១៩៨៣ ១៩៨៥ និងឆ្នាំ២០០៥។ គាត់គិតថា ធ្វើសន្ធិសញ្ញាមួយ ធ្វើផែនទីមួយ»៕