ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជិតផុតអាណត្តិ បានអះអាងថា ស្ថានីយវិទ្យុចំនួនពីរគឺវិទ្យុអាស៊ីសេរី (RFA) និងវីអូអេ (VOA) កំពុងឈានទៅធ្វើការដោះស្រាយលើបញ្ហាពន្ធ ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការផ្សាយបានឡើងវិញ។
ការថ្លែងបែបនេះ នៅក្រោយពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក លោក ខៀវ កញារីទ្ធ បានជជែកពីការដំណើរការវិទ្យុទាំងពីរ។ នេះបើយោងតាមការដកស្រង់សំដីចេញផ្សាយដោយសារព័ត៌មានរដ្ឋ AKP។
លោក William A. Heidt បញ្ជាក់ថា នៅពេលដែលដោះស្រាយចប់ ស្ថានីយវិទ្យុរបស់អាមេរិកទាំងពីរ អាចធ្វើសកម្មភាពផ្សាយបានឡើងវិញនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា។
គួរម្លឹកថា កាលពីចុងឆ្នាំ២០១៧ វិទ្យុអាស៊ីសេរីបានសម្រេចបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ បន្ទាប់ពីមានបញ្ហាចម្រូង ចម្រាស់លើបញ្ហាពន្ធជាមួយរដ្ឋាភិបាល។ ទន្ទឹមនោះ ស្ថានីយ៍វិទ្យុក្នុងស្រុកចំនួន៣២ ដែល វិទ្យុអាស៊ីសេរី វិទ្យុវីអូអេ និង សារព័ត៌មានមួយ ចំនួនទៀតជួលម៉ោងសម្រាប់ផ្សាយក៏ត្រូវក្រសួង ព័ត៌មាន សម្រេចឲ្យផ្អាកដល់បច្ចុប្បន្នផងដែរ ដោយចាត់ទុកថា បានធ្វើប្រតិបត្តិការបំពានច្បាប់ ៕