សាលក្រម​ឃាតកម្ម​លើ​ភរិយា​អតីត​ឧ​ត្ត​ម​សេនីយ៍​ទោ​ផ្កាយ​២ គឹម ម៉ា​រិ​ន នឹង​ប្រកាស នៅ​ថ្ងៃទី​២៤ ខែមិថុនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2015 ក+ ក-

​ភ្នំពេញ ៖ តុលាការ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ បាន​ចំណាយពេល​ជិត​៥​ម៉ោង ក្នុងការ​សួរដេញដោល អតីត​ឧ​ត្ត​ម​សេនីយ៍​ទោ​ផ្កាយ​២ និង​ជា​ប្រធាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ជី​អេស​ធី លោក គឹម ម៉ា​រិ​ន​ថា និង កូនប្រសារ​។​

​ក្នុង​សំណុំរឿង​សម្លាប់​ភរិយា​និង​កូនស្រី​អាយុ​៦​ឆ្នាំ រួច​យក​សព​ទម្លាក់ចោល ក្នុង​ជ្រោះ​ពេជ្រនិល​។ លោក​ចៅក្រម ហេង កេស​រោ បានប្រកាស ថា សាលក្រម​សំណុំ​រឿងនេះ នឹងត្រូវ​សម្រេច​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥ ខាងមុខនេះ​។

​លោក គឹម ម៉ា​រិ​ន​ថា បាន​សារភាព​ក្នុង​សវនាការ​ថា ខ្លួន​ពិតជា​បាន​ច្របាច់ក​សម្លាប់​ភរិយា​ប្រាកដ​មែន ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ ។ ដោយឡែក​កូនស្រី​អាយុ​៦​ឆ្នាំ បាន​ស្លាប់​ដោយសារ​ឧបទ្ទវហេតុ​ធ្លាក់​ពីលើ​កាំជណ្តើរ ពេល​ឈរ​មើល​ម្តាយ​ឪពុក​ឈ្លោះប្រកែក​គ្នា​។
​នៅ​ខណៈនោះ​ជនជាប់ចោទ​រូបនេះ បន្តថា ភរិយា​ឈ្មោះ វ៉ា ដា​រី អាយុ​៣០​ឆ្នាំ បាន​លួច​ផិតក្បត់​ទៅ​មាន​សា​ហាយ​ស្មន់ ហើយ​ខ្លួន​បាន​ណែនាំ​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បែបនេះ​តទៅទៀត ដោយ​សុខចិត្ត​ឲ្យ​ប្រាក់​យកទៅ​លេង ល្បែង​រាល់ថ្ងៃ ដើម្បី​ចៀង​វាង​អំពើ​ផិត តែ​ភរិយា​ពុំ​ព្រម​ធ្វើតាម​ឡើយ​។ លុះដល់​ថ្ងៃកើតហេតុ ខ្លួន​ក៏បាន​ឈ្លោះប្រកែក​គ្នា រហូត​ជ្រុលដៃ​ច្របាច់ក​ភរិយា​រហូតដល់​ស្លាប់​តែម្តង​។

​លោក​ក៏បាន​បញ្ជាក់ដែរថា កូនប្រសារ​ឈ្មោះ ជា សុខ​សំណាង ពុំមាន​ការពាក់ព័ន្ធ​ក្នុង​បទល្មើស​នេះ​ទេ ពោលគឺ​គ្រាន់តែ​ទទួល បញ្ជា​ពី​ខ្លួន​ឲ្យ​យក​ធុង​ទឹកកក​ធំ​មួយ យកទៅ​ទម្លាក់​នៅ​ជ្រោះ​ពេជ្រនិល តែម្តង​ប៉ុណ្ណោះ ។

​ចំណែក​ឈ្មោះ ជា សុខ​សំណាង បាន​បដិសេធ ថា​ខ្លួន​ពុំបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​នោះទេ ដោយ​សំណូមពរ​ឲ្យ​តុលា​ការរក​យុត្តិធម៌​។ លោកស្រី ស៊ឺ វ​ណ្ណី ជា​តំណាង​អយ្យការ បាន​សន្និដ្ឋាន​តម្កល់​ការចោទប្រកាន់​ទៅលើ​ជនជាប់ចោទ​ទាំងពីរ​នាក់​ដដែល​។

​ឪពុកក្មេក​រួម​និង​កូនប្រសារ​ទាំងពីរ​នាក់​នេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​បទ​សមគំនិត តាម​មាត្រា ២០០ និង មាត្រា ២៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈមមុខ​នឹង​ការ ជាប់​ព​ន្ឋ​នាគារ អស់​មួយជីវិត ប្រសិនបើ​តុលាការ​រកឃើញថា មាន​ពិ​រុ​ទ្ឋ​ភាព​ដូច​ការចោទប្រកាន់​មែន ។

​សូម​រំឭកថា ដើមចម​ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់​នេះ​គឺ កើតឡើង កាលពី​វេលា​ម៉ោង​៨: ៣០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៤ ខណៈ​អ្នក ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះទៅកាន់​ខេត្ត​ព្រះសីហនុ បាន​ប្រទះឃើញ​សាកសព ស្ត្រី​រងគ្រោះ​ឈ្មោះ វ៉ា ដា​រី អាយុ​៣០​ឆ្នាំ និង កូនស្រី​ម្នាក់​អាយុ​៦​ឆ្នាំ ត្រូវបាន​ឃាតករ​ច្រក ថង់​ប្លា​ស្ទិ​ក​យកទៅ​បោះចោល នៅ​ចំណុច​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ចម្ងាយ​ប្រមាណ​៦០​ម៉ែត្រ ខាងលិច​អាស្រម​លោកយាយ​ម៉ៅ​ព្រេជ​និល ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​អស់​រយៈពេល​ជាច្រើន​ខែ រហូត ឈានដល់ ការឃាត់ខ្លួន​ឈ្មោះ ជា សុខ​សំណាង ត្រូវជា​កូនប្រសារ​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ​ផ្កាយ​២ ឈ្មោះ គឹម ម៉ា​រិ​ន្ថា រួច​បាន​បញ្ជូន​សំណុំរឿង​នឹង​ជនសង្ស័យ មក​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ។

​នៅ​ដំណាក់​សមត្ថកិច្ច ឈ្មោះ ជា សុខ​សំណាង បាន​បដិសេធ ថា ខ្លួន​មិនមែន សម្លាប់​ស្រី កំណាន់​និង​កូនស្រី​របស់​ឪពុកក្មេក​នោះទេ​។ ជនសង្ស័យ បាន រៀបរាប់ថា នៅ​យប់​មួយ ខ្លួន​ត្រូវបាន ឪពុកក្មេក ប្រើ​ឲ្យ​សែង​ទឹក​កកធំ​មួយ​ពី​បន្ទប់ដេក​របស់គាត់ ដាក់ចូល​ក្នុង​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ដឹក​យកទៅ ទម្លាក់ចោល​នៅ​ជើងភ្នំ​ពេជ្រនិល ហើយ ពេលនោះ កូនប្រុស​បង្កើត​របស់​ឪពុកក្មេក ក៏បាន​ចូលរួម​ផងដែរ ព្រមទាំង​សន្តិសុខ​ម្នាក់ទៀត ជួយ​លើក​ធុង​ទឹកកក​ដាក់ចូល​ក្នុង​រថ​យន្ត​។ ពេលទៅដល់​ជើងភ្នំ​ពេជ្រនិល កូនប្រុស​បង្កើត របស់​ឪពុកក្មេក បាន​បើក​ធុង​នោះ​មើល ទើប​ខ្លួន​ដឹងថា ក្នុង​ធុង​ទឹកកក​នោះ មាន សាកសព​មនុស្ស តែ​មិនដឹងថា​ជា​សព​អ្នកណា​នោះទេ ។ ពេល​ទម្លាក់​សាកសព ចោល​រួច ហើយ ខ្លួន​ក៏​បើករថយន្ត​មក​ភ្នំពេញ វិញ តែ​ដល់​ពាក់​កណ្តាលផ្លូវ ខ្លួន​បាន​បោះ ចោល​ធុង​ទឹកកក នោះ​ចោល ។

​ក្រោយ​ហេតុការណ៍​នោះ ឪពុកក្មេក និង កូនប្រុស​បង្កើត របស់​ឪពុកក្មេក ព្រមទាំង​ខ្លួនឯង​ផ្ទាល់ បាន​រត់គេចខ្លួន តែ​ក្រោយមក​ក៏ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​តែម្តង ៕edswaq