ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំងមួយកន្លែង ដែលពាក់ព័ន្ធករណីស៊ីឈ្នួលពពោះជំនួស ដោយឃាត់ខ្លួនបានមនុស្ស១៥នាក់ ក្នុងនោះមានស្ត្រីដែលពោះកំពុងមានទម្ងន់១១នាក់ និងប្រុស២នាក់ ហើយ២នាក់ផ្សេងទៀតជាចុងភៅ ដែលទីតាំងខាងលើនេះ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មិនទាន់បានបញ្ជាក់នៅឡើយទេ ព្រោះលោកថា មនុស្សទាំងអស់កំពុងតែស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់។
គួរជម្រាបថា ចំពោះករណីពពោះជំនួសនេះនៅកម្ពុជា ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់ ខណៈដែលក្រសួងមហាផ្ទៃ កំពុងតែធ្វើការចងក្រងច្បាប់ ដើម្បីធ្វើការផ្ដន្ទាទោសផងដែរ៕