ភ្នំពេញ ៖ សំរាមជាច្រើនដែលចងច្រកថង់ដាក់ធុង កញ្ឆេ ជាស្រេច ដាក់តាមមុខផ្ទះប្រជាពលរដ្ឋ រហូតដល់មានសត្វមកកកាយ ចំណែកក្រុមអ្នករើសអេតចាយពេលយប់ក៏ហែកទាញ រយះរយាយ ជះក្លិនស្អុយ រាប់សិបថ្ងៃ ខណៈក្រុមហ៊ុន ស៊ីនទ្រី ដែលជាក្រុមហ៊ុនម៉ៅការផ្តាច់មុខខាងប្រមូលសំរាមទូទាំងប្រទេស ដែលបានខកខានមិនបាន មកប្រមូលសំរាមនោះ ធ្វើអោយមានក្លិនអសោចស្អុយរលួចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋតិះដៀលក្រុមហ៊ុនមិនសំចៃមាត់ ដោយសារអត់ទ្រាំនឹងក្លិនស្អុយអសោចនោះលែងបាន។
ពលរដ្ឋដែលរស់នៅក្នុងបុរី ធូ លន ភូមិព្រៃព្រីងត្បូង១ សង្កសត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានលើកឡើងថា នៅក្នុងបុរី ធូ លន នេះ មានរថយន្តក្រុមហ៊ុន ស៊ិន ទ្រី ទៅប្រមូលដឹកសំរាម មិនទៀតទាត់ទេ ជួនកាល៤ថ្ងៃទៅឈានដល់១សប្តាហ៍ ទើបឃើញលេចរថនយន្ត ស៊ិន ទ្រី ទៅម្តង។
ពលរដ្ឋបន្តទៀតថា ពួកគាត់បង់លុយរាល់ខែ មិនដែលខានឡើយ បង់រួមជាមួយ តម្លៃភ្លើង កាលណាមិនបង់លុយ ឬអាក់ខាន នោះភ្លើងអគ្គីសនីផ្ទះគាត់ ត្រូវបានក្រុមហ៊ុនផ្តាច់ជាមិនខាន ម្លោះហើយ ទើបពួកគាត់ បង់លុយមិនដែលអាក់ខាន ខែណាឡើយ ក៏ប៉ុន្តែ អ្វីដែលធ្វើឲ្យពួកគាត់ អន់ចិត្ត ត្រង់ថា ឡានដឹក ប្រមូលសំរាម ចុះបើពលរដ្ឋ បង់លុយគ្រប់ៗចំនួន រួចហើយ រាល់ខែ ហេតុអ្វីមិនបាន ទៅប្រមូលសំរាម ឲ្យបានទៀតទាត់។
ពលរដ្ឋសំណូមពរផងដែរ ដល់អាជ្ញាធរ ពាក់ព័ន្ធ ក្រុមហ៊ុន ស៊ិន ទ្រី មេត្តាជួយពន្លឿនក្នុងការប្រមូលសំរាម ឲ្យបានទៀតទាត់ ពលរដ្ឋមិនដែលធ្វើបាប ជំពាក់លុយ ក្រុមហ៊ុនឡើយ តែក្រុមហ៊ុនវិញទេដែលធ្វើបាបបងប្អូនប្រជាពលរដ្ឋ យឺតយ៉ាវ យូរច្រើនថ្ងៃណាស់ ទើបទៅដឹកម្តងៗ រហូតដល់មានពលរដ្ឋមួយចំនួន ដោយសារទ្រាំនិងក្លិនស្អុយសំរាម ផ្ទះរបស់ខ្លួនមិនបាន សម្រេចលួចដឹកយកទៅបោះ ចាក់ចោល តាមចិញ្ចើមផ្លូវ វាជាផលប៉ះពាល់មួយទៀត ដល់បរិស្ថាន សោភ័ណ្ឌភាព ក្នុងមូលដ្ឋាន ក្នុងទីក្រុង ៕