ភ្នំពេញ ៖ កញ្ញា សម្មាធីតា កូនស្រីរបស់លោក កឹម សុខា រួមទាំងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានសម្ដែងការខឹងសម្បារ និងថ្កោលទោសលោក សម រង្ស៊ី ដែលយកជោគវាសនារបស់ លោក កឹម សុខា ធ្វើជាល្បែងភ្នាល់ គឺជាអាកប្បកិរិយាប្រមាថដ៏អគុណធម៌ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការលះបង់របស់លោក។
ក្រុមគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក (CNRP-USA) បង្ហោះលើបណ្ដាញ ហ្វេសប៊ុក នៅថ្ងៃទី១០ ខែ វិច្ឆិកា នេះ ដោយបញ្ជាក់ថា ក្រុមគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក (CNRP-USA) សូមថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះអាកប្បកិរិយាប្រមាថម្តងហើយម្តងទៀត ដ៏អគុណធម៌ និងគ្មានសីលធម៌ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការលះបង់របស់ លោក កឹម សុខា និងប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានតស៊ូដើម្បីសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស”។
សូមរំលឹកថា ការចេញសេចក្តីថ្លែងការណ៍ដោយខឹងសម្បារនេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី លោក សម រង្ស៊ី បានប្រកាសតាមរយៈ Facebook នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៨ ដោយបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ភ្នាល់លើករណីដោះលែង ឬមិនដោះលែង លោក កឹម សុខា ដោយលោក សម រង្ស៉ី ដាក់លក្ខខណ្ឌថា បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនោះ សម្តេចតេជោ នឹងត្រូវចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី នឹងស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសនៅក្នុងពន្ធនាគារកម្ពុជា ។
ចំណែក ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានលើកឡើងជុំវិញករណនេះដែរថា មិនគួរយកជីវិតលោក កឹម សុខា ជាកម្មវត្ថុនៃការភ្នាល់គ្នានោះទេ ពីព្រោះសេរីភាពរបស់គាត់មិនមែនជា Game នោះឡើយ៕