ភ្នំពេញ ៖ ប្រតិកម្មជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ក្រោយពេលលោក សម រង្ស៊ី យកជោគវាសនារបស់លោក កឹម សុខា ដែលកំពុងជាប់ឃុំ ដាក់ធ្វើជាល្បែងភ្នាល់ដើម្បីផ្ចាញ់ផ្ចាលខាងនយោបាយរវាងលោក សម រង្ស៊ី និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជាមួយគ្នានេះ ក្រុមមេធាវីការពារសិទ្ធិឲ្យលោក កឹម សុខា បានសម្ដែងការមិនពេញចិត្តតាមរយៈសេចក្ដីថ្លែងការណ៍មួយ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំពោះការភ្នាល់ដូចគ្នានេះដែរ ដោយសម្ដែងការសោកស្ដាយយ៉ាងខ្លាំង និងថាការយកសេរីភាព របស់លោក កឹម សុខា មកភ្នាល់គ្នាបែបនេះ នឹងធ្វើឲ្យជាតិកាន់តែបែកបាក់គ្នាធ្ងន់ធ្ងរ។
ក្នុងសេចក្តីថ្លេងការណ៍ ពួកគេបានអះអាងថា ការដោះលែង ឬមិនដោះលែង កូនក្ដីរបស់ពួកគេ គឺជាសមត្ថកិច្ចរបស់តុលាការ មិនស្ថិតក្រោមល្បែងភ្នាល់គ្នានោះទេ ប៉ុន្តែផ្ទុយទៅវិញ ការភ្នាល់គ្នារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី អាចធ្វើឲ្យប៉ះពាល់ ដល់នីតិវិធីនៃការស៊ើបសួររបស់តុលាការ ហើយប្រសិនលោក កឹម សុខា ត្រូវដោះលែង គឺដោះលែងក្រោម អំណាចរបស់តុលាការ ពុំមែនជាការបញ្ជារបស់លោក ហ៊ុន សែននោះទេ។ ហេតុនេះគ្មានការឈ្នះ ឬចាញ់ នៅក្នុងការភ្នាល់គ្នានេះនោះទេ ប៉ុន្តែខ្មែរទាំងអស់គ្នាជាអ្នកឈ្នះ ប្រសិនបើលោក កឹម សុខា មានសេរីភាពឡើងវិញ។
យ៉ាងណាក៏ដោយ ខណៈផ្ទុះការវែកញែកលើការភ្នាល់គ្នារវាងលោក សម រង្ស៊ី និងសម្ទេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ លោក កឹម សុខា បានលើកឡើងថា «គាត់មិនមានសេរីភាពមែន តែគាត់មានសម្បជញ្ញ: ដឹងថាអ្នកកំពុងធ្វើអ្វី មកលើរូបគាត់ និងប្រទេសជាតិ»។ នេះបើតាមសំណេរយ៉ាងខ្លីរបស់លោក កឹម សុខា នៅលើទំព័រហ្វេសប៊ុករបស់លោក៕