ភ្នំពេញ ៖ នៅថ្ងៃចន្ទទី១២ ខែវិច្ឆិកា នេះ អាជ្ញាធរជំនាញខាងបង្ក្រាប និងប្រឆាំងការជួញដូរមនុស្ស គ្រោងបញ្ជូនស្ត្រីចំនួន ១៣ នាក់ និងបុរស ២ នាក់ដែលពាក់ព័ន្ធនឹងការស៊ីឈ្នួលពពោះជំនួសទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីចាប់ខ្លួនពួកគេបាននៅក្នុងខណ្ឌសែនសុខ កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅនេះ។
លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានថ្លែងថា មនុស្ស១៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះមានស្ត្រីកំពុងពពោះ ១១នាក់ និងប្រុស២នាក់។ មនុស្សទាំងអស់កំពុងតែស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញដើម្បីកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់។
មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស ធ្លាប់ឲ្យដឹងថា ស្ត្រីពពោះជំនួសក្នុងម្នាក់តម្លៃ ១ម៉ឺន ដុល្លារ តែពួកគេទទួលបានប្រាក់កក់ដំបូងពេលមានផ្ទៃពោះចំនួន ៥០០ ដុល្លារ ហើយក្រោយពេលឆ្លងទន្លេរួច មកពួកគេទទួលបាន៣០០ដុល្លារក្នុង១ខែ រហូតគ្រប់ចំនួន១ម៉ឺន៕