ភ្នំពេញ ៖ ក្រុមអន្ដរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបទីតាំងដែលទទួលចម្លាក់ ចេញពីភ្លុក ចែ ឆ្អឹង ដាលមានយីហោ “ចឹក ម៉េង ចម្លាក់ព្រះ” កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ដែលស្ថិតផ្ទះលេខ១៦៦ ផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងដែលកម្លាំងបានចុះពិនិត្យ និងឆែកឆេរនេះ មានយីហោ «ចឹក ម៉េង លក់ និងឆ្លាក់វត្ថុស័ក្ដិសិទ្ធិ» ដែលមានម្ចាស់ទីតាំងឈ្មោះ ម៉ុក ទិព្វរាសី ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ១៦៦ ផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញវត្ថុតាង បទល្មើសជាសំណាក់សត្វព្រៃ រួមមាន សំណាក ភ្លុកដំរី, សំណាកភ្លុកដំរី កែច្នៃ, ចែជ្រូកព្រៃ, ធ្មេញ និងក្រចក, ខ្លាឃុំ, ចុងស្នែងប្រីស, ជើងឈ្លូសក្រៀម, នុបប្រីស, ស្នែងកេះ និងសម្ភារផ្សេងៗមួយទៀត។
ដោយពិនិត្យឃើញថា វត្ថុតាងបទល្មើសសំណាកសត្វព្រៃទាំងអស់ ដែលមកធ្វើសន្និធី ពុំមានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងបានដកហូតសំណាកសត្វព្រៃទាំងអស់ជាបណ្ដោះអាសន្ន ហើយកម្លាំងជំនាញ ក៏កសាងសំណុំរឿងតាមនីតិវិធី៕