ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ឆ្នាំ២០១៨ នេះ នឹងមានមហាជនចូលរួមយ៉ាងច្រើនកុះករ អាចនឹងច្រើនជាងរៀងរាល់ឆ្នាំ គឺដោយសារតែសេដ្ឋកិច្ច មានការរីកចម្រើន ស្ថានភាពនយោបាយល្អ មធ្យោបាយធ្វើដំណើរសំបូរបែប ប្រព័ន្ធគមនាគមន៏ល្អ និងតភ្ជាប់ពីទីជនបទទៅទីប្រជុំជន ខ្វែងខ្វាត់គ្រប់ទីកន្លែង ផ្តល់ជាភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋមកចូលរួមកំសាន្តព្រះរាជពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយនេះ។
ដើម្បីឆ្លើយតបនឹងចំនួនមនុស្សដ៏ច្រើនកុះករនោះ អាជ្ញាធរគ្រប់ស្ថាប័ន ដែលពាក់ពន្ធ័ បានត្រៀមរៀបចំផែនការលើសពីឆ្នាំមុនៗ ជាក់ស្តែងឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកំលាំងយ៉ាងច្រើនសន្ទឹកសន្ធាប់ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ ក្នុងនោះ ផ្នែកសុខាភិបាល បានរៀបចំត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយសង្គ្រោះ និងព្យាបាល ជូនពលរដ្ឋនៅពេលមានជំងឺដង្កាត់អ្វីកើតឡើង ។
លោកវេជ្ជបណ្ឌឹត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ ដោយមានការណែនាំពីក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានត្រៀមផែនការពង្រាយក្រុមគ្រូពេទ្យគោលដៅទីតាំងសេវាសុខាភិបាល (ស្តង់សុខាភិបាល) ដែលមានក្រុមគ្រូពេទ្យរងចាំជួយសង្គ្រោះប្រជាពលរដ្ឋ ។
លោកវេជ្ជបណ្ឌិតបន្តថា ក្នុងរយៈពេលបួនថ្ងៃ នៃព្រះរាជពិធីបុណ្យនោះ មានការបោះស្តង់សម្រាប់ពិនិត្យ និងសង្គ្រោះបឋម ចំនួន៨ស្តង់ មានរថយន្តសង្គ្រោះប្រចាំការ ចំនួន១៥ក្រុម និងក្រុមគ្រូពេទ្យចល័ត ចំនួន១៦ក្រុម ដែលមានក្រុមគ្រូពេទ្យសរុបប្រមាណ៨០០នាក់ ប្រចាំការប្តូរវេនគ្នា ដើម្បីជួយពិនិត្យ ព្យាបាលជំងឺ ក្នុងនោះ ក្រុមគ្រូពេទ្យចល័ត ដើម្បីអប់រំផ្សព្វផ្សាយអនាម័យ ចំណីអាហារ និងផ្សព្វផ្សាយទប់ស្កាត់ជំងឺអេដស៍ដល់ប្រជាពលរដ្ឋដែលមកចូលរួមសប្បាយភាព ។
វេជ្ជបណ្ឌឹត រូបនេះឲ្យដឹងទៀតថា ការបោះស្តង់ពិនិត្យ និងព្យាបាលសង្គ្រោះបឋម ជូនបងប្អូន ក្នុងដំណើរកម្សាន្ត នៃព្រះរាជពិធីបុណ្យអ៊ុទូក៣ថ្ងៃនោះ មានទីតាំងដូចខាងក្រោយ ទី១ស្តិតនៅកោះពេជ្រ ទី២- ស្តូបមិត្តភាពកម្ពុជា-វៀតណាម ទី៣- បរិវេណរណសិរ្យ ផ្នែកខាងកើត ទី៤-នៅមុខព្រះគម្លង់ ទី៥-នៅផែថ្មខាងជើងភោជនីយដ្ឋានទីតានិក ទី៦-នៅទីលានប្រជាធិបតេយ្យ ទល់មុខឃ្លាំងសាំងសូគីមិច ទី៧- នៅត្រើយខាងកើត ទន្លេសាប នៅខាងជើងគល់ស្ពានជ្រោយចង្វារ និងទី៨-ស្ថិតនៅរង្វង់មូលនាងមច្ឆាគល់ស្ពានបេឡេ។
ជាមួយគ្នានោះដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ នៅពេលមានអការៈ ធីងធោង វិលមុខ ក្អួតចង្អោ ឬបញ្ហាសុខភាពកើតឡើង ដោយប្រការណាមួយ សូមប្រញ៉ាប់ស្វែងរកស្តង់សុខាភិបាល ដើម្បីបានសំរាកនិងព្យាបាលជំងឺ ដោយឥតគិតថ្ងៃ ដែលមានគ្រួពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ក្រៅពីស្តង់ រង់ចាំពិនិត្យព្យាបាល ក៏មានរថយន្តចាំសង្គ្រោះ និងដឹកអ្នកជំងឺទៅមន្ទីរពេទ្យ ដែលមានក្រុមគ្រូពេទ្យប្តូរវេនគ្នា ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និងមានរយៈពេលបួនថ្ងៃ គិតចាប់ពីថ្ងៃ២០ ដល់ថ្ងៃ២៣ខែវិច្ឆិកា រយៈពេល៤ថ្ងៃ តែម្តង៕