១០ខែនេះ ការនាំចេញអង្កររបសកម្ពុជាធា្លក់ចុះជាង ១៣ភាគរយ
ភ្នំពេញ ៖ លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបង្ហាញថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៨ កម្ពុជាបាននាំអង្ករចេញចំនួនសរុប ៤៣៤.៨០៧តោន ធា្លក់ចុះ ១៣,២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដែលមានចំនួន ៤៩២.១១៥តោន។
សូមរំលឹកថា កន្លងមកបារាំង ជាប្រទេសឈរលំដាប់ទី១ ក្នុងការនាំអង្ករចូលពីកម្ពុជា ប៉ុន្តែបច្ចុប្បន្នលំដាប់លេខ១នេះ បានធា្លក់ទៅប្រទេសចិនវិញ។
តាមរបាយការណ៍បង្ហាញថា កម្ពុជាបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុប មានជាង ២១ម៉ឺនតោន តំបន់អាស៊ាន មានជិត ៤៦ពាន់តោន និងតំបន់ផ្សេងៗទៀតមានជាង ១៨ម៉ឺនតោន។ ដោយឡែក ប្រទេសដែលទិញអង្ករកម្ពុជាច្រើនជាងគេក្នុងរយៈពេលនេះ មានដូចជាប្រទេសចិនចំនួន ១១៣.៥៣៧តោន ប្រទេសបារាំងចំនួន ៦៤.០៣២តោន និងប្រទេសម៉ាឡេស៊ី មានចំនួន ៣២.៥៣៧តោន៕