ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រកាសឲ្យផ្អាកដំណើរការ សេវាដឹកជញ្ជូនតាមកាណូត (Taxi Boat) រយៈពេលចំនួន៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នឹងដំណើរការបម្រើសេវានេះជាធម្មតាវិញ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមកីឡាករ-កីឡាការិនីទូកង ពីបណ្ដាខេត្តនានា នឹងអញ្ជើញមករាជធានីភ្នំពេញ ដើម្បីត្រៀមចូលរួមប្រកួតអុំទូកង ដែលនឹងប្រព្រឺត្ដិទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ការផ្អាកដំណើរការ សេវាដឹកជញ្ជូនតាមកាណូតនេះ គឺដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាព និងការចរាចរណ៍តាមផ្លូវទឹក តាមដងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ចៀសវាងមានបាតុភាពកើតឡើងជាយថាហេតុ និងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ៕