ខេត្តកំពង់ស្ពឺ ៖ ក្រោយបែកធ្លាយឯកសារស្នើសុំឆ្វៀលដីទំហំ ២៥០ហិកតា កាត់ចេញពីតំបន់ឧទ្យានជាតិគិរីរម្យ សម្រាប់ផ្តល់ឲ្យប្រជាពលរដ្ឋនៅភូមិចំការតែ និងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួចមក អភិបាលខេត្តកំពង់ស្ពឺលោក វី សំណាង បដិសេធ ព្រមទាំងបានចារប៊ិចក្រហម បានឃើញ និងមិនយល់ព្រម ថែមទាំងស្នើដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវខិតខំរក្សាតំបន់ទាំងនោះឲ្យបានជាដាច់ខាត និងរកឲ្យឃើញជនពាក់ព័ន្ធ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
នៅព្រឹកថ្ងៃច័ន្ទទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ បណ្តាញព័ត៌មាន ក៏បានទទួលឯកសារថតចម្លងចំនួន២ច្បាប់ដែល ០១ច្បាប់ជាសំណើ គោរពជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីស្នើសុំសេចក្តីអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ ទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង០១ច្បាប់ទៀតគឺជា ដីកាបញ្ជូនរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ០៧ ដ.ប ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ គោរពជូន លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានចុះហត្ថលេខាដោយលោក ឃុន ជិនកេន អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលខ្លឹមសារ នៃដីកាបញ្ជូននេះ បានបញ្ជាក់ពីប្រភពសំណើសុំសេចក្តីអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់អំពីសម្តេចតេជោ ទៅលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បើយោងតាមដីកាបញ្ជូនរបស់ទីស្តីការគណៈរដ្ឋមន្ត្រី គោរពជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺបានស្នើដល់ក្រសួងមេត្តាពិនិត្យ លើករណីនេះ (សំណើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋធ្វើ) តាមការគួរ។
ដោយឡែកបើតាមខ្លឹមសារនៃឯសារគោរពជម្រាបជូនសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ក៏បានបញ្ជាក់ផងដែរថា តំបន់ទាំងពីរភូមិខាងលើនេះ ប្រជាពលរដ្ឋភាគច្រើនបានមករស់នៅ៣ជំនាន់មកហើយ និងប្រកបមុខរបរលក់ចំណាំងឈើបុរាណ ផ្កាអ័រគីដេធម្មជាតិដុះក្នុងព្រៃ និងធ្វើអាជីវកម្មអភិវឌ្ឍន៍នៅហ្នឹងកន្លែងដូចជា លក់ម្ហូបអាហារ លក់ភេសជ្ជៈ និងបានចូលរួមបំរើស្នាក់ការកំរិតខ្នាតតូច សម្រាប់បំរើអ្នកទេសចរណ៍ក្នុងស្រុកក្នុងការចិញ្ចឹមជីវិត ពោលពួកគាត់បានមករស់នៅតំបន់នេះគឺ តំណតាំងតែពីឪពុកម្តាយ រហូតមានកូន ពូនជាចៅ មកដល់បច្ចុប្បន្ននេះ ថែមទាំងមានសៀវភៅស្នាក់នៅ ហើយ និងអត្តសញ្ញាណប័ណ្ណសំគាត់ខ្លួនទៀតផង៕