រថយន្តក្រឡុកស៊ីម៉ង់ផុងដី ក្រឡាប់ផ្ងារជើង សំណាងល្អគ្មានអ្នករបួស
ភ្នំពេញ ៖ រថយន្តហ៊ីណូប្រភេទដឹកល្បាយបេតុងមួយគ្រឿង ខណៈដែលបើកបរសម្រប ពេលដែលភ្លៀងធ្លាក់មួយមេទឹកលិចផ្លូវមើលមិនច្បាស់ ក៏រអិលបណ្តាលក្រឡាប់នៅមាត់ប្រឡាយតែម្តង តែសំណាងល្អ អ្នកបើកបរលូនចេញដោយសុវត្តិភាពមិនមានរងរបួសទេ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
រថយន្តជួបហេតុការណ៍ផ្ងារជើង ម៉ាក ហ៊ីណូ ពណ៌ស លាយពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 5A-1721 ជារថយន្តដឹកបេតុង រងការខូចខាតផ្នែកកាប៊ីន ។
តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ បើកពីកើតទៅលិច ដោយដឹកបេតុងទៅចាក់នៅការដ្ឋាន បើកដល់ចំណុចខាងលើ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ទឹកជន់លិចចិញ្ចើមផ្លូវ រថយន្តបត់ស្តាំចូលការដ្ឋាន ដោយសរសៀរចិញ្ចើមផ្លូវ ទាំងទឹកលិចល្ហរល្ហាច មិនដឹកថាប្រឡាយ ទើបផុងដីជ្រេល ក្រឡាប់តែម្តង សំណាងល្អ អ្នកបើកបរលូនចេញដោយសុវត្តិភាព រងខូចខាតតែរថយន្ត ហើយក៏មិនប៉ះពាល់ដល់អ្នកដទៃដែរ ។
ក្រោយកើតហេតុ រថយន្តរងគ្រោះខាងលើ មានតែម្ចាស់ ក្រុមហ៊ុន ស្ទូចលើកយកទៅជួសជុលដោយខ្លួនឯង ៕