ស្ថានីយប្រេងឥន្ធនៈចំនួន១៤ ក្នុងខេត្តតាកែវ លក់ប្រេងមិនគ្រប់លីត្រ និងបន្លំគុណភាព
មន្ត្រីកាំកុងត្រូលសាខាខេត្តតាកែវ បានរកឃើញស្ថានីយ / ដេប៉ូចំនួន១៤ ធ្វើអាជីវកម្មមិនត្រឹមត្រូវ ក្នុងចំណោមស្ថានីយដែលត្រូវបានត្រួតពិនិត្យសរុប ១៩ ក្នុងទីរួមខេត្តតាកែវ។
មន្ត្រីជំនាញកាំកុងត្រូល នៅថ្ងៃទី១៣ និងទី១៤ ខែវិច្ឆិកា នេះ បានធ្វើប្រតិបត្តិការត្រួតពិនិត្យស្ថានីយ ចំនួន១៩ នៅក្នុងខេត្តតាកែវ បានរកឃើញស្ថានីយ ៣ទីតាំងលក់ប្រេងមិនត្រឹមត្រូវទាំងគុណភាព និងបរិមាណ និង១១ទីតាំងទៀតលក់មិនគ្រប់លីត្រ។
ម្ចាស់ស្ថានីយចំនួន ៦ ត្រូវបានមន្ត្រីកាំកុងត្រូលតម្រូវឲ្យចុះកិច្ចសន្យាកែកំហុសលើកទី១។ ចំណែកស្ថានីយចំនួន ៨ទៀត ត្រូវចុះកិច្ចសន្យាកែកំហុសលើកទី២ ក្នុងករណីរកឃើញកំហុសលើកទី ៣ សមត្ថកិច្ចនឹងមិនលើកលែងទៀតឡើយ ដែលអាចបញ្ចេញឈ្មោះជាសាធារណៈ និងប្រឈមនីតិវិធីតាមផ្លូវតុលាការទៀតផង៕