ភ្នំពេញ ៖ កម្ពុជា និងធនាគាADB (គម្រោង IAIP) នឹងត្រូវអនុវត្តការសង់ប្រឡាយប្រវែង៣៨១,២ គីឡូម៉ែត្រ ក្នុងខេត្តចំនួន៥នៅកម្ពុជា ដោយធ្វើទំនើបកម្មធ្វើការជួសជុលស្តារឡើងវិញ និងធ្វើការកែលម្អលើប្រព័ន្ធធារាសាស្ត្រ ឲ្យទៅជាប្រព័ន្ធធារាសាស្ត្រមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលប្រើបានសម្រាប់ស្រោចស្រពបានទាំងរដូវប្រាំង និងរដូវវស្សា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក ដោយដកស្រង់ខ្លឹមសារពីជំនួបពិភាក្សារវាង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងគណៈប្រតិភូ ADB នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
តាមរយៈការអនុវត្តគម្រោង Irrigated Agriculture Improvement Project (IAIP) ក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងសាងសង់ប្រព័ន្ធប្រឡាយជាបេតុង ប្រវែងសរុប ៣៨១,២គីឡូម៉ែត្រ នៅកម្ពុជាក្នុងខេត្តចំនួន៥ រួមមានខេត្តបាត់ដំបង កំពង់ចាម តាកែវ កំពង់ធំ និងខេត្តកំពត ចំណាយថវិកាប្រមាន ១៣៥ លានដុល្លារ សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា គម្រោងខាងលើ រួមមានសាងសង់ប្រព័ន្ធប្រឡាយជាបេតុងប្រវែង៣៨១,២គីឡូម៉ែត្រ សាងសង់ទំនប់អាងទឹកជាបេតុងប្រវែង៦.៥គីឡូម៉ែត្រសាងសង់ទំនប់បង្ហៀរ ខ្នាតធំប្រវែង៨០០ម៉ែត្រ បំពាក់ស្ថានីយបូមទឹកដើរដោយថាមពលអគ្គិសនីខ្នាតធំមានក្បាលបូមប្រាំចំនួនពីរកន្លែងជាប្រភេទ Smart Pumping Systems។ សាង សង់សំណង់សិល្បការធំតូចដ៏ច្រើនដើម្បីធានាឲ្យប្រព័ន្ធធារាសាស្ត្រទាំងនោះ មានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តទាំង៥៕