កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក កៅ គឹម ឃន នាយប៉ុស្តិ៍នគរបាលខ្នុរដំបង បានយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋមួយគ្រូសារដែលទីទល់ក្រ មានឈ្មោះ សឿន សុខា ភេទស្រី អាយុ៣៨ឆ្នាំ ជាមេម៉ាយមានកូនចំនួនបីនាក់ក្នុងបន្ទុក រស់នៅក្នុងភូមិ វាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ដោយមើលឃើញពីការទុក្ខលំបាករបស់គ្រូសារមួយនេះ លោក កៅ គឹម ឃន នាយប៉ុស្តិ៍នគរបាលខ្នុរដំបង និងមន្ត្រីប៉ុស្តិ៍ខ្នុរដំបងទាំងអស់ រួមនិងសប្បុរសជន ចូលរួមជាថវិកា ទិញសម្ភារៈចែកជូនគាត់រួមមាន អង្ករ៥០គីឡូ មី១កេះ ទឹកត្រី១យូ ទឹកស៊ីអ៊ីវ១យូ កន្ទេល១ មុង១ ភួយ១ ចាន៤ ឆ្នាំង២ និងឋវិកាចំនួន ២២មុឺនរៀល ។
លោក កៅ គឹមឃន នាយប៉ុស្តិ៍នគរបាលខ្នុរដំបង បានមានប្រសាសន៍ ថា អំណោយទាំងអស់នេះ គឺជាការបរិច្ចាគរបស់លោកផ្ទាល់ និងបានទទួលពីសប្បុរសជននានា ក្នុងការចូលរួមជួយរំលែកការលំបាកដល់គ្រួសារស្ត្រីមេម៉ាយរូបនេះ ដែលគាត់កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ។ លោក ថា ទោះបីជាអំណោយនេះ មានតិចតួចក្តី ក៏បង្ហាញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូនក្នុងមូលដ្ឋានយើងដែរ។
ជំនួសមុខឲ្យគ្រួសារស្ត្រីក្រីក្រនេះ លោក កៅ គឹមឃន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានសមានចិត្តសប្បុរស បរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីជួយស្ត្រីមេម៉ាយខណៈគាត់កំពុងជួបលំបាកបែបនេះ៕ ដោយ ៖ សុផល