ព្រឹក​មិញ​នេះ រដ្ឋសភា​បើក​សម័យប្រជុំ​ពេញអង្គ​អនុម័ត​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ រដ្ឋសភា បាន​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩ និង​សេចក្តីព្រាងច្បាប់​មួយចំនួនទៀត​។ សម័យប្រជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច ហេង​សំរិន ប្រធានរដ្ឋសភា ដោយមាន​ការចូលរួម​ពី​សមាជិក​រដ្ឋសភា​ចំនួន​១១៥​រូប​។​
​របៀបវារៈ​ដែល​នឹង​ពិភាក្សា​នៅក្នុង​សម័យប្រជុំ​មាន​៖

១៖ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។​
២៖ សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៧​។​
៣៖ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖
* កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
* កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៤៖ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សិ​ន្ធិ​សញ្ញា​ស្តីពី​បត្យាប័ន រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី​៕