សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសួរ សុខទុក្ខពលរដ្ឋជាង១ពាន់គ្រួសារ នៅក្រុងសែនមនោរម្យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2018 ក+ ក-

 

​មណ្ឌលគិរី ៖ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ​អម ដំណើរ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ បាន​បន្ដ​អញ្ជើញ​ចុះ​សំណេះសំណាល សួរ​សុខ ទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ ចាស់ជរា​គ្មាន​ទីពឹង ស្ដ្រី​មេម៉ាយ​កូន​ច្រើន កុមារ កំព្រា ជនពិការ និង​អ្នក​កើត ឬ​អ្នក​ផ្ទុយ​មេរោគ​អេដស៍ ចំនួន​១.៣១៣​គ្រួសារ​បន្ថែមទៀត (​ក្នុងនោះ​មាន​ជនជាតិខ្មែរ​ចំនួន ៧៤៦​គ្រួសារ ជនជាតិ​ព្នង​ចំនួន ៥៦៤​គ្រួសារ និង​ជនជាតិ​ឥស្លាម​ចំនួន ៣​គ្រួសារ​) រស់នៅ​ភូមិ​ចំនួន ១៤ សង្កាត់​ចំនួន​៤ នៅ​ក្រុង​សែន​មនោ​រម្យ ខេត្ដ​មណ្ឌលគិរី​។ ពិធី​នេះ រៀបចំ​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន មនោ​រម្យ ខេត្ដ​មណ្ឌលគិរី​។​

​គ្រួសារ​នីមួយៗ​ទទួលបាន ៖ អង្ករ ៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​១ ទឹក​សុទ្ធ​១​ដប និង​នំ​បុ័ង​១​ដើម​។ ជាមួយគ្នានេះ គ្រួសារ​នីមួយៗ នៅ​ទទួលបាន ក្រណាត់ស ១​ដុំ និង​ថវិកា​១​មុ​ឺ​ន​រៀល​ទៀត ជា​អំណោយ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​គួរ​ជម្រាប​ផងដែរ​ថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ជា​ប្រធាន​, សម្ដេច​តែងតែ យក​ចិ​ត្ដ​ទុក្ខ​ដាក់ និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន ដោយ​ក្តីមេត្តា ករុណា គិតគូរ និង​ផ្តល់​ក្តីសង្ឃឹម ជំនឿ​ចិត្ត​ដល់​ប្រជាជន​ទូទៅ ដែល​ជួប​ការលំបាក ដោយ​គ្មាន​ការរើសអើង​ឡើយ​៕ ដោយ ៖ សុផល​