ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រសួងបរិស្ថាន នឹងដាក់ពង្រាយមន្ត្រី និងយុវជនស្ម័គ្រចិត្តប្រមាណ៣០០នាក់ ដើម្បីដើរត្រួតពិនិត្យ និងអប់រំពលរដ្ឋឲ្យយល់ដឹងពីផលប៉ះ ពាល់ដោយសារការបោះចោលសំរាម ជាមួយនិងការព្រមានផាកពិន័យចំពោះអ្នកបោះចោលសំរាម ផងដែរ។
លោក នេត្រ ភក្ត្រា ថ្លែងថា «មន្ទីរបរិស្ថានរាជធានីភ្នំពេញមានអ្នកស្ម័គ្រចិត្តជាយុវជន ស.ស.យ.ក និងមន្ត្រីប្រមាណ៣០០នាក់ ដើម្បីចុះផ្សព្វផ្សាយអប់រំពីការគ្រប់គ្រងសំរាមដល់អាជីវករ ប្រជាពល រដ្ឋ ឱ្យវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវនៅតាមទីតាំងនានាដែលអាជ្ញាធរបានកំណត់ក្នុង រយៈ ពេល៣ ថ្ងៃនៃពិធីបុណ្យអុំទូក។
សូមជម្រាបថា អាជ្ញាធរ បានត្រៀមធុងសំរាមយ៉ាងហោចណាស់ ២.០០០ធុង ទាំងតូចទាំងធំនឹងត្រូវដាក់ពង្រាយតាមទីតាំងនានានៃបរិវេណប្រារព្ធពិធី ខណៈក្រុមហ៊ុន ស៊ិនទ្រី ក៏នឹងដាក់ពង្រាយកម្មករចំនួន ២៧៤នាក់ និងឡានចំនួន៤៥គ្រឿង ដើម្បីប្រមូល និងដឹកសំរាមនៅក្នុងពិធី បុណ្យអុំទូករយៈពេល៣ថ្ងៃ៕