ប៉ូលិស​ចេញ​បង្ក្រាប​ជំនួស​ព្រោះ​ជលផល​ខេត្តកំពង់ចាម​ត្រូវ​ថ្នាំ​សណ្តំ​អ្នកនេសាទ(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2018 ក+ ក-

​ខេត្តកំពង់ចាម ៖ ជនសង្ស័យ​ចំនួន​២​នាក់ និង​ឩ​បក​រណ៍​ឆក់​ត្រី​ខុសច្បាប់​មួយចំនួន ត្រូវបាន​កំលាំង​កា​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ចុះបង្ក្រាប​ចាប់ខ្លួន និង​ដកហូត​ដើម្បី​បំពេញ​សំណុំ​ឯកសារ​ប្រគល់ជូន​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល ចាត់ការ​បន្ត​។

​លោក ឩ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បានអោយដឹងថា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ៤​និង ២០​នាទី លោក​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រាយការណ៍​ថា មាន​បទល្មើស​នេសាទ​ខុសច្បាប់ (​ប្រើ​ឩ​បក​រណ៍​ឆក់​)​នៅតាម​ដង​ទន្លេមេគង្គ ភ្លាមនោះ លោក បាន​ចាត់វិធានការ​អោយកំលាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ទាំងនោះ នៅ​ចំណុច ភូមិ​ចុង​ថ្នល់​ទី​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។ លោកស្នងការ​បាន​បន្ត​ថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដកហូត វត្ថុតាង​ល្មើសច្បាប់ មួយចំនួន​ដូចជា ឧបករណ៍​ឆក់​ត្រី​ចំនួន ២​គ្រឿង (​ក្តៅ​ចំនួន ១​គ្រឿង និង​ត្រជាក់​ចំនួន ១​គ្រឿង​) – អាគុយ​ចំនួន ២ -​ទូក​ម៉ាស៊ីន​ចំនួន ១​គ្រឿង​- ដង​ឆក់​ចំនួន ១​គូ – ត្រី​ចម្រុះ​ចំនួន ៣០​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ទី​១- ឈ្មោះ ថាំង លី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​វៀតណាម​។ ២- ឈ្មោះ គឹម នី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ អ្នក​ទាំងពីរ​មាន​លំនៅ​ភូមិ​ចុង​ថ្នល់​ទី​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។

​លោកស្នងការ បាន​បញ្ជាក់ថា ចំពោះ​សម្ភារៈ​វត្ថុតាង និង​ជនល្មើស​បានប្រគល់​ជូន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

ប្រជាពលរដ្ឋ​នៅតាម​ដង​ទន្លេមេគង្គ​ម្តុំ​កន្លែងកើតហេតុ បានអោយដឹងថា រៀងរាល់​យប់ ពួកគាត់​ឃើញ មាន​ទូក​នេសាទ ប្រើ​ឩ​បក​រណ៍​ឆក់​នៅតាម​ដង​ទ​ន្ល ជាច្រើន​ហើយ តែ​មិនឃើញ​កំលាំង​ខាង​ខណ្ឌ​ជលផល​ចុះបង្ក្រាប​ទេ ទើបតែ​ពេលនេះ ស្រាប់តែ​ឃើញ​កំលាំង​នគរបាល​ចុះមក​បង្ក្រាប​ជំនួស​មន្ត្រីជលផល​ទៅវិញ​។

ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​លោកស្នងការ​នគរបាល​ខេត្តកំពង់ចាម ជួយ​មាន​វិធានការ​បង្ក្រាប​បទល្មើស​នេសាទ អោយ​ដូច​ភ្លៀងរលឹម​ផង ដើម្បី​អភិរក្ស​មច្ឆជាតិ​អោយ​សម្បូរ​ឡើងវិញ បើ​មើលទៅ​អស់លោក​ខាង​រដ្ឋបាល​ជលផល គឺ​ពួកគាត់​គ្មាន​ជំនឿ​សោះឡើយ ព្រោះ​កំលាំង​ជលផល​ត្រូវ​ថ្នាំ​សណ្តំ របស់​អ្នកនេសាទ​ខុសច្បាប់​អស់ហើយ ដូច​ករណី​ខាងលើនេះ​ជាដើម ព្រោះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា ជនល្មើស​ខាងលើនេះ ជា​សាច់ញាតិ​របស់​មន្ត្រីជលផល​ខេត្តកំពង់ចាម​ស្រាប់​៕ ដោយ ៖ សុផល​