បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានចាត់ឲ្យមន្ត្រីទទួលបន្ទុក បុណ្យអុំទូកក្នុងខេត្ត ដោយកំណត់រៀបចំយកទូកចំនួន ៤ទូក របស់ខេត្តបាត់ដំបង ដើម្បីទៅចូលរួម នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងរៀបចំរយៈពេល ៣ថ្ងៃ នៅមុខព្រះបរមរាជរាំង នារាជធានីភ្នំពេញ ចាប់ពីថ្ងែទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។
នេះបើតាមការគូសបញ្ជាក់ឲ្យដឹងពីលោក ហុង ឆេត មន្ត្រីសាលាខេត្ត ទទួលបន្ទុកដឹកនាំក្រុម កីឡាករអុំទូករបស់ខេត្តបាត់ដំបង ដែលគ្រោងនឹងចេញដំណើរ ពីខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែ វិច្ឆិកា នេះ។
ឯ.ឧ.ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នេះ បានអញ្ជើញជួប សំណេះសំណាលជាមួយក្រុមកីឡាករអុំទូក ដែលត្រៀមចេញទៅប្រកួតប្រណាំងក្នុងពេលដ៏ខ្លី ខាង មុខនេះ ស្ថិតក្នុងបរិវេណវត្ត ឯករង្សី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ឯ,ឧ បានបញ្ជាក់ថា ខេត្តបាត់ដំបង
នឹងនាំយកទូកអុំ ចំនួន៤ទូក និងមានកីឡាករ សរុបចំនួន ២០០នាក់ក្នុងនោះកីឡាករបំរុងចំនួន ៣៨ នាក់។ទូកដែលយកទៅអុំនេះ គឺជាទូកទទួលបានជ័យលាភី និងជាប់ចំណាត់ថ្នាក់ និងមាន ល្បឿន លឿននៅក្នុងការប្រកួតនៃពិធីបុណ្យអុំទូកថ្ងៃចេញព្រះវស្សា នៅខេត្តបាត់ដំបង កាលពីខែ មុន ដែល អាជ្ញាធរខេត្តបាត់ដំបង មានជំនឿទុកចិត្តថា នឹងទទួលបានជ័យជម្នះ ក្នុងការអុំប្រណាំង នៅរាជធានី នា ពេលខាងមុខនេះ។ទូកដែលយកទៅអុំនោះ ៖ ១-ទូកនរិន្ទរង្សី ស្រីសពិចិត្រ ចំណុះ ៤៩នាក់ និងបំរុង១៤នាក់(សរុប៦៣ នាក់) ជាទូកវត្តឯករង្សី ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ២-
ទូកសុវណ្ណភេត្រា បាត់ដំបងសជ័យ ចំណុះ៦៩ និងបំរុង៨ នាក់ (សរុប៧៧នាក់) ក្រុង-ខេត្ត បាត់ ដំបង។ ៣-ទូក យុវជន ស ជ័យ បារមីគង្គារ ចំណុះ២២នាក់ និងបំរុង០៨នាក់ (សរុប៣០នាក់) របស់ ស.ស.យ.ក ខេត្តបាត់ដំបង។ ៤-ទូកតាតាំងមានជ័យ បារមីវត្តសង្កែវៀរ ចំណុះ២២នាក់ និង បំរុង០៨នាក់ (សរុប៣០នាក់) ស្រុកបវេល ខេត្តបាត់ដំបង។ ដោយឡែក គណៈប្រតិភូរបស់ខេត្ត បាត់ដំបង ដឹកនាំកីឡាករមានចំនួន ៣១នាក់ ដឹកនាំដោយ ឯ.ឧ ហឿង សុគន្ធ អភិបាលរងខេត្ត។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកីឡាករអុំទូក និងគណៈកម្មការដឹកនាំកីឡាករ ឯ.ឧ អភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ ចំពោះបងប្អូនកូនក្មួយដែលជាកីឡាករទាំងអស់ ដែលបានលះបង់ពេលវេលា និងក្រុ មគ្រួសាររបស់ខ្លួន ដើម្បីត្រៀមចេញទៅអុំទូកប្រកួតប្រជែងនៅ ក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ខាងមុខនេះ ជាមួយនិងការប្តេជ្ញាចិត្តដ៏មោះមុត ក្នុង ការដណ្តើមនូវជ័យជម្នះ និង ពាន រង្វាន់ជ័យលាភីជូនខេត្តឲ្យបាន។ឯ.ឧក៏បានថ្លែងអំណរគុណ ចំពោះក្រុមការងារដឹកនាំទូកទៅប្រកួតដោយបានក្រើនរំលឹកពេលទៅប្រកួតសូមចេះថែរក្សា សុខភាពខ្លួនឲ្យបានល្អប្រសើរ ចៀសវាងកុំឲ្យមានជម្ងឺតម្កាត់ផ្សេងៗ ពេលឈឺត្រូវប្រញាប់ប្រញាល់ ពិគ្រោះជាមួយគ្រូពេទ្យ ដែលមានវត្តមានប្រចាំការ ក្នុងការព្យាបាលបងប្អូនផ្ទាល់។
នៅក្នុងឱកាសនោះ ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានឧបត្ថម្ភថវិកាជាសោហ៊ុយបាយទឹក ក្នុងពេល ធ្វើដំណើរទៅភ្នំពេញ ក្នុងទូកនីមួយៗមានថវិកា ១លានរៀល និងគ្រឿងភេសជ្ជៈមួយចំនួន។ ដោយឡែករបបហូបចុកនៅភ្នំពេញ រដ្ឋបាលខេត្តក៏បានចាត់តាំងឲ្យមានការទទួលរៀបចំរួចរាល់ ហើយដែរ ដោយមិនឲ្យកីឡាករព្រួយបារម្ភនោះឡើយ៕