សម្តេច​តេ​ជោ អះអាងថា ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក គ្មាន​ការប្រែប្រួល​នោះទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2018 ក+ ក-

​មានប្រសាសន៍​នៅក្នុង​ពិធី​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​កុមារ​ពិការ គ ថ្លង់ នៅ​សង្កាត់ ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អះអាង ថា ដំណើរការ​រៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ព្រះ រាជពិធី​បុណ្យអុំទូក នៅតែ​បន្តធ្វើ​គ្មាន​ការអាក់ខាន នោះទេ បើទោះបី​ទឹកទន្លេ​មាន​កម្រិត​ត្រឹម ៥​ម៉ែត្រ​ក៍ដោយ ។

​ជាមួយនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​កម្លាំង​សន្តិសុខ ត្រៀមលក្ខណៈ​ឲ្យ​ល្អ ដើម្បី បង្កលក្ខណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​មក​កំសាន្ត​លេង​សប្បាយ​បី​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ និង អំពាវនាវ​ឲ្យ​បណ្តា​ទូក និង​កីឡាករ​អុំទូក​ត្រៀមលក្ខណៈ ដើម្បី​ចូលរួម​ប្រណាំងទូក​នៅពេល​ដ៍​ខ្លី​ខាង មុខ​នេះ​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​អះអាងថា អាជ្ញាធរ​បាន​ត្រៀម​រួច រាល់​ហើយ និង​បានដាក់​កម្លាំងចម្រុះ​ជាង ១​ម៉ឺន ២​ពាន់​នាក់ ពង្រាយ​នៅតាម​គោលដៅ​នានា ដើម្បី រក្សា​សន្តិសុខ​សណ្តាប់ ធ្នាប់​ជូន បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​ក្នុងអំឡុង ព្រះរាជ​ពិធីបុណ្យ អុំទូក រយៈពេល​៣​ថ្ងៃ​ខាងមុខនេះ​៕